ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តស៊េរីទំនើប១គ្រឿង ក្នុងល្បឿនលឿនរេចង្កូតបុកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង និងរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង ១២ និង ៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តស៊េរីទំនើប មួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់មួយកង់ និងរថយន្តក្រឡាប់ផ្ងារជើង ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនកើតហេតុ គេបានឃើញបុរសម្នាក់ និងមានអ្នករួមដំណើរជាមួយ៣នាក់ បានបើករថយន្តមួយគ្រឿងម៉ាកអូឌី ស៊េរីទំនើប ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ 2AN-7138 តាមបណ្តោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ។ លុះពេលមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលបុកទ្រូងផ្លូវពេញទំហឹង បាក់ខ្ទាតទៅម្ខាង ចំណែករថយន្តបានដាច់កង់មុខក្រឡាប់ផ្ងារជើង គាបតៃកុងនិងមនុស្ស៣នាក់ទៀតនៅក្នុងរថយន្ត ។ ភ្លាមនោះបានពលរដ្ឋជួយយកចេញមកក្រៅស្រាល ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកពិនិត្យវាស់វែង យករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់