ព័ត៌មានជាតិ

ចិនទៀតហើយ!​ បើករថយន្តហាយឡែនឌ័រ​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ​ខូចខាត​យ៉ាង​ដំណំ​!

ភ្នំពេញ:​ បុរស​ជា​ជន​ជាតិ​ចិន ​វ័យប្រហែល២៥ឆ្នាំ​ម្នាក់​ បើកបរ​រថយន្ត​ហាយឡែនឌ័រ​មួយ​គ្រឿង ​បោះពួយ​យ៉ាង​ល្បឿន​ដូចហោះ​មិនប្រយ័ត្ន​ក៏​ជ្រុល​ចង្កូត​ទៅ​បង្គោល​ភ្លើង​បំភ្លឺ​បាក់​អស់​មួយ​ដើម​ កាល​ពី​វេលាម៉ោង​៣និង៣០នាទី​ទៀប​ភ្លឺ​ ថ្ងៃទី​៣០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ខាងមុខ​ស្ថានីយ​ប្រេង​ឥន្ទន:​ លីម​ ឡុង​ តាមបណ្តោយផ្លូវ​២០០៤​ ស្ថិត​ក្នុង​សង្កាត់​អូរបែក​ក្អម​ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​គេឃើញ​បុរស​ជា​ជន​ជាតិ​ចិន​ខាងលើ បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ហាយឡែនឌ័រ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AW-7610 ដោយធ្វើដំណើរតាម​បណ្តោយផ្លូវ​២០០៤​ ក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុងល្បឿនយ៉ាង​លឿន​ ដោយខ្វះការប្រុងប្រយត្ន័ លុះមកដល់​ចំណុច​កើតហេតុ​ស្រាប់​តែ​រថយន្ត​បង្ក​ខាងលើ​ក៏​រេចង្កូត​ទៅ​ខាង​ឆ្វេង​ជ្រុល​ទៅ​ឡើង​លើសួន​ច្បារ​ពុះចែក​ទ្រូង​ផ្លូវ​និងទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​មួយ​ដើម​បណ្តាល​ឲ្យ​បាក់​ទ្រេត​ដល់ដី​។ ចំណែក​ឯ​រថយន្ត​រងការខូចខាត​ក្រពឹតនិងដាច់ក្រឡេកង់ខាងមុខ​ចំហៀង​ខាងឆ្វេងទៅមុខលែងរួច​ សំណាងល្អ​ដែល​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​។

ក្រោយពេលកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​ក៏​បាន​ចុះមក​ដល់​កន្លែង​កើត​ហេតុ​ ហើយ​ក៏​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់​វែង​និងស្ទូច​យករថយន្តបង្ក​ រួមទាំងអ្នកបើកបរ​រថយន្ត​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

មតិយោបល់