មនុស្សទី១ដែលត្រូវចោទប្រកាន់ក្រោមច្បាប់សន្ដិសុខជាតិហុងកុងត្រូវបានរកឃើញថាមានទោសពីបទផ្ដួលរំលំរដ្ឋាភិបាលនិងអំពើភេរវកម្មកាលពីថ្ងៃអង្គារនៅក្នុងសាលក្រមមួយដែលត្រូវបានគេតាមដានយ៉ាងដិតដល់អំពីសូចនាករថាតើច្បាប់នេះនឹងត្រូវគេអនុវត្តយ៉ាងដូចម្ដេច ខណៈដែលចិនក្ដោបក្ដាប់អំណាចរបស់ខ្លួនយ៉ាងតឹងរ៉ឹងលើទីក្រុងហុងកុងដែលល្បីថាមានសេរីភាពមួយនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
លោក Tong Ying-kit ត្រូវបានចោទប្រកាន់អំពីបទផ្ដួលរំលំរដ្ឋាភិបាល និងអំពើភេរវកម្មចំពោះការបើកម៉ូតូរបស់លោកចូលទៅក្នុងហ្វូងប៉ូលិសមួយក្រុមកាលពីឆ្នាំមុន ដោយមានកាន់ទង់មួយសរសេរពាក្យស្លោកតវ៉ាថា «រំដោះទីក្រុងហុងកុង ពេលវេលានៃបដិវត្តន៍របស់យើង»។
អង្គការសិទ្ធិមនុស្សបានថ្កោលទោសចំពោះការកាត់ទោសលើរូបលោក ហើយមនុស្សជាច្រើនទៀតប្រឈមនឹងការកាត់ទោសស្រដៀងគ្នានេះ ចាប់តាំងពីមនុស្សជាង១០០ នាក់ត្រូវបានចាប់ខ្លួនក្រោមច្បាប់សន្ដិសុខជាតិហុងកុងនេះមក។ ច្បាប់នេះគឺជាផ្នែកមួយនៃការបង្ក្រាបកាន់តែខ្លាំងឡើងរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើអ្នកប្រឆាំងក្នុងទីក្រុងហុងកុង ក្រោយពីមានការតវ៉ាអស់រយៈពេលរាប់ខែក្នុងទីក្រុងហុងកុងដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំ២០១៩។
លោក Tong អាយុ ២៤ ឆ្នាំជាបុគ្គលិកភោជនីយដ្ឋានម្នាក់។ លោកមិនបានសារភាពទទួលទោសនោះទេ ដោយលោកអះអាងថា ពាក្យស្លោកនោះគឺមិនមែនអំពាវនាវឲ្យមានការផ្ដួលរំលំរដ្ឋាភិបាលនោះទេ។
ឥឡូវនេះលោក Tong ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់អស់មួយជីវិត ប៉ុន្តែគេរំពឹងថា ក្រុមមេធាវីរបស់លោកនឹងជួយតវ៉ាឲ្យលោកទទួលទោសតិចជាងនេះ នៅក្នុងសវនាការកាត់ក្ដីលោកនៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។
ច្បាប់សន្ដិសុខជាតិថ្មីនេះមិនត្រឹមតែនាំឲ្យមានការចោទប្រកាន់លោក Tong ប៉ុណ្ណោះទេ ប៉ុន្តែច្បាប់នេះថែមទាំងមានចង្អុលបង្ហាញពីរបៀបដែលសវនាការនេះត្រូវនេះដំណើរការផងដែរ៕
មតិយោបល់