ព័ត៌មានជាតិ

កុំចេះតែហ៊ាន អាងខ្លួនជាឧកញ៉ា ជិះរថយន្តស៊េរីទំនើបអត់ពន្ធ ត្រូវសមត្ថកិច្ចបង្ក្រាប

បន្ទាយមានជ័យៈ កាលពីវេលា​ម៉ោង​៨​ព្រឹកថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៨ មន្ត្រី​គយ និង​រដ្ឋាករ​តំបន់​៥ បានចាប់​រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​គ្មាន​ពន្ធ ​ពី​ផ្ទះ​ឧកញ៉ា​ម្នាក់ ស្ថិត​ក្នុងភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

ប្រតិបត្តិការនេះ បានធ្វើទ្បើងដោយ​មានការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ ហើយ​មន្ត្រី​គយ និង​រដ្ឋាករ​តំបន់​៥ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ក្រសួង​ប្រចាំ​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​ ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។

អំទ្បុងពេល​ចុះ​បង្ក្រាប ​កម្លាំង​ចម្រុះ​បាន​ឃាត់​រថយន្ត​២​គ្រឿង​ផលិត​នៅ​ឆ្នាំ​២០១៦ ដែល​ជា​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ធុន (TOYOTA.alpharo) ពណ៌​ស និង​១​គ្រឿង​ទៀត​ធុន (TOYATA.vellfire) ពណ៌​ស ដូច​គ្នា ដែល​ឃាត់ ហើយ​ចាប់​នៅ​ក្នុង​បរិវេណ​ផ្ទះ​ឧកញ៉ាម្នាក់ នៅ​ខេត្តបន្ទាយមានជ័យ​។

សូមបញ្ជាក់ថា រថយន្ត​ស៊េរី​ទំនើប​២​គ្រឿង​នេះ ជា​រថយន្ត​ចង្កូត​ស្តាំ​ដែល​គ្មាន​ពន្ធ ឬ​គេចពន្ធ ល្មើស​ច្បាប់ ​​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដោយ​ល្មើសច្បាប់ ​និងត្រូវ​បាន​យក​មក​លាក់​ទុក​ក្នុងភូមិ​គ្រឹះ​របស់​លោក​ឧកញ៉ា​ម្នាក់​នេះ​៕

មតិយោបល់