ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ទទួលជួបក្រុមស្ត្រីជិះម៉ូតូធំមកពីឥណ្តា

ភ្នំពេញៈ លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យក្រុមស្រ្តីឥណ្ឌាដែលជិះម៉ូតូធំមួយក្រុម (Biking Queens) ចូលជួបសម្ដែងការគួរសម នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី។

ក្រុមស្ត្រីជិះម៉ូតូធំនេះមកដល់កម្ពុជាថ្ងៃទី០៣ ខែកក្តដា តាមច្រកបាវិតព្រំដែនកម្ពុជា-វៀតណាម ហើយគ្រោងនឹងឆ្លងកាត់១០ប្រទេស រួមមាន៖ ប្រទេសនេប៉ាល់ ប្រទេសឥណ្ឌា ប្រទេសប៊ូតាន ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ ប្រទេសឡាវ ប្រទេសកម្ពុជា ប្រទេសវៀតណាម ប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបូរី ដើម្បីយុទ្ធនាការ លើកកម្ពស់ការអប់រំ សម្រាប់កូនស្រី ទូទៅនៅក្នុងពិភពលោក។

លោក ឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណរដ្ឋមន្រ្តី បានឲ្យដឹងថា យុទ្ធនាការដែលធ្វើឡើងដោយស្ត្រីឥណ្ឌាមួយក្រុមនេះ គឺដើម្បីចូលរួម ផ្សព្វផ្សាយអំពី ការសង្គ្រោះ និងការអប់រំសម្រាប់កូនស្រី ដែលជាទិសដៅ របស់រដ្ឋាភិបាលឥណ្ឌា ក្នុងការបង្កើនការយល់ដឹង និងប្រសិទ្ធភាពនៃការផ្តល់សេវាសុខុមាលភាពសម្រាប់ស្រី្ត។

លោក ឯក ថា បន្តថា គម្រោងនេះ បានដាក់ឲ្យអនុវត្តន៍ ដោយលោក Narendra Modi នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ដោយមានថវិកាផ្តួចផ្តើមប្រមាណ១៥លានដុល្លារអាមេរិក។ លោកបន្តឲ្យដឹងទៀតថា ពួកគេនឹងទៅកាន់ប្រាសាទអង្គរ រួចបន្តដំណើរទៅកាន់ទីក្រុងបាងកក តាមច្រកប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ និងប្រទេសជាបន្តបន្ទាប់ទៀត ដែលមាន១០ប្រទេសក្នុងអាស៊ីនេះ។

ជាមួយគ្នានោះលោកបណ្ឌិតសភាចារ្យ សុខ អាន បានវាយតម្លៃខ្ពស់ ចំពោះយុទ្ធនាការផ្សព្វផ្សាយរបស់ស្ត្រីឥណ្ឌាមួយក្រុមនេះ ដើម្បីបង្កើនការយល់ដឹង និងប្រសិទ្ធភាពនៃការផ្តល់សេវាសុខុមាលភាពសម្រាប់ស្រី្តទូទៅនៅក្នុងពិភពលោក។

បណ្ឌិតសភាចារ្យបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាសម្រាប់កូនស្រីនេះ ដោយបានចាត់ទុកថា ស្ត្រីជាមាតាពិភពលោក និងស្ត្រីជាឆ្អឹងខ្នងនៃកិច្ចអភិវឌ្ឍន៍សង្គមជាតិ ដែលរាល់កិច្ចការនានាដំណើរការទៅមុខ គឺមិនអាចខ្វះស្ត្រីបានឡើយ។ ដូចនេះ ការគិតគួរពីបញ្ហាស្ត្រី គឺជាកត្តាចាំបាច់បំផុត។

លោកស្រី Sarika Mehta បានថ្លែងអំណរគុណដល់លោកបណ្ឌិតសភាចារ្យ សុខ អាន ដែលបានឲ្យតម្លៃខ្ពស់ដល់ស្ត្រីនិងក្មេងស្រី ពិសេសបានគិតគូរទាំងសុខភាពនិងចំណេះដឹងដល់ស្ត្រីនៅកម្ពុជា ដោយបានផ្តល់ឱកាសឲ្យក្មេងស្រីនិងស្ត្រី បានរៀនសូត្រនិងបានចូលរួមក្នុងកិច្ចការសង្គមយ៉ាងច្រើន៕

មតិយោបល់