ឆ្នាំនេះគឺជាឆ្នាំទី៤ ដែលក្រុមហ៊ុនគូបូតាកម្ពុជា បានប្រារព្ធកម្មវិធីសប្បុរសធម៌របស់ខ្លួន ដែលមានឈ្មោះថា “Kubota Sharing The Future” ដែលក្នុងឆ្នាំទី៤នេះគូបូតាបានបរិច្ចាគកាបូប និង សម្ភារៈសិក្សាសិស្សចំនួន 20,000ឈុត មានតំលៃជាង៩ម៉ឺនដុល្លា ដែលព្រព្រឹត្តទៅនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ស៊ូ អារ៉ាហ្វាត់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង។
កម្មវិធីសប្បុរសធម៌នេះជាផ្នែកមួយនៃការអភិវឌ្ឍន៏និងការទទួលខុសត្រូវក្នុងសង្គម ដែលមានបំណងជួយដល់កុមារដែលខ្វះខាតនៅតាមជនបទដាច់ស្រយ៉ាលទូទាំងប្រទេសកម្ពុជាអោយមានជីវិតកាន់តែប្រសើរឡើង។
លោក ភីសានុ មីលីនតានុស អគ្គនាយករងទទួលបន្ទុកផ្នែកលក់និងសេវាកម្ម នៃទីស្នាក់ការធំក្រុមហ៊ុន ស្យ៉ាម គូបូតា ខបភឺរេសិន បានមានប្រសាសន៍ថា គោលនយោបាយរបស់ក្រុមហ៊ុន ស្យ៉ាមគូបូតា គឺមិនត្រឹមតែសិក្សាស្រាវជ្រាវនិង អភិវឌ្ឍន៍បចេ្ចកវិទ្យាគ្រឿងយន្តកសិកម្មប៉ុណ្ណោះទេ ថែមទាំងសន្យាបន្តកម្មវិធីសប្បុរសធម៌ដើម្បីជួយដល់សង្គមផងដែរ។ ហេតុដូច្នេះហើយបានជាគូបូតាបានបង្កើតកម្មវិធី “Kubota Sharing The Future” នេះអស់រយៈពេល ៤ឆ្នាំជាប់ៗគ្នា ដែលបានជួយដល់វិស័យអប់រំ និងយុវជន ជាក់ស្តែងគឺការបរិច្ចាគកាបូប និង សម្ភារសិក្សាដល់កុមារកម្ពុជាដែលខ្វះខាតជាច្រើនម៉ឺននាក់។
គួរបញ្ជាក់ផងដែរថា កម្មវិធីសប្បុរសធម៌មួយនេះទទួលបានជោគជ័យយ៉ាងធំធេងក្នុងរយះពេល៣ឆ្នាំចុងក្រោយនេះ ដែលសម្ភារះសិក្សាត្រូវបានផ្តល់ទៅដល់កុមារកម្ពុជាជាច្រើនម៉ឺននាក់ ដែលបានជួយជ្រោមជ្រែងក្នុងការសិក្សារបស់ពួកគេបានយ៉ាងច្រើនគួរអោយកត់សំគាល់។ ទោះបីយ៉ាងណាក៏ដោយ នៅមានតំបន់ជាច្រើនទៀតដែលនៅខ្វះខាត ដូច្នេះហើយបានជា គូបូតាបន្តធ្វើកម្មវិធីនេះក្នុងឆ្នាំនេះដែលជាឆ្នាំទី៤។ កាបូប និងសម្ភារសិក្សាសិស្សចំនួន២ម៉ឺនឈុតត្រូវបានបរិច្ចាគ ដែលផ្តល់ជូនមន្ទីរអប់រំខេត្តបាត់ដំបងចំនួន ៥០០០ឈុត និង ១៥០០០ឈុតទៀតផ្តល់ជូនភ្នាក់ងារចែកចាយគូបូតា ដើម្បីបរិច្ចាគដល់កុមារខ្វះខាតជាច្រើនខេត្តទូទាំងប្រទេស។
លោក ភីសានុ មីលីនតានុស បានបន្ថែមទៀតថា ក្នុងឆ្នាំ២០១៨នេះ កម្មវិធី “Kubota Sharing The Future” មានទិសដៅបរិច្ចាគកាបូប និង សម្ភារសិក្សា ចំនួន៤៩០០០ឈុត ដែលផ្តល់ដល់កម្ពុជាចំនួន ២០០០០ឈុត ភូមាចំនួន ១៦០០០ឈុត និង ឡាវចំនួន ១៣០០០ឈុត។ ការផ្តល់ជូននេះតាមរយៈភ្នាក់ងាររដ្ឋាភិបាល និងភ្នាក់ងារចែកចាយគូបូតាក្នុងប្រទេសនិមួយៗ ដើម្បីបរិច្ចាគទៅដល់កុមារ និង យុវជនដែលកំពុងខ្វះខាត។
ចាប់តាំងពីក្រុមហ៊ុនគូបូតាកម្ពុជាត្រូវបានបង្កើតមក គូបូតាមិនត្រឹមតែរៀបចំកម្មវិធី “Kubota Sharing The Future” នោះទេ តែក៏បានបង្កើតមជ្ឈមណ្ឌលអប់រំបចេ្ចកទេសគូបូតា (KUBOTA Technical Education Center (KTEC) ដែលក្រោមកិច្ចសហប្រតិបត្តិការណ៏ជាមួយវិទ្យាស្ថានបចេ្ចកវិទ្យាបាត់ដំបង និង សាកលវិទ្យាល័យមានជ័យ ដែលនិងអាចអោយសិស្សនិស្សិតសិក្សាពីគ្រឿងយន្តកសិកម្មដើម្បីក្លាយជាអ្នកជំនាញក្នុងវិស័យកសិកម្មនៅពេលអនាគត៕
មតិយោបល់