បន្ទាយមានជ័យៈ ផ្លូវដែកកម្ពុជា ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងស្ថាបនាឡើងវិញ តភ្ជាប់ជាមួយថៃ រថភ្លើងរបស់ថៃបានចរាចរមកដល់លើស្ពាននៃអូរព្រំដែនកម្ពុជា-ថៃ ខាងជើងស្ពាន មិត្តភាពកម្ពុជា-ថៃ នៃច្រកទ្វាអន្តរជាតិប៉ោយប៉ែត។
ជាមួយផ្លូវដែករបស់ថៃ ដែលមានរថភ្លើងរបស់ថៃបើកមកលើស្ពានរថភ្លើងកម្ពុជា-ថៃ សបញ្ជាក់ឲ្យឃើញថា ខាងភាគីថៃបានស្ថាបនាផ្លូវរថភ្លើងរួចរាល់ហើយ។ តែខាងកម្ពុជា ក៏កំពុងសម្រុកធ្វើទាំងយប់ទាំងថ្ងៃ ធ្វើយ៉ាងណា ឲ្យរួចរាល់នៅចុងឆ្នាំ២០១៦ ដោយមានក្រុមហ៊ុន ស៊ីណូហាយទ្រូ ជាអ្នកទទួលម៉ៅការដោយតភ្ជាប់ផ្លូវដែកពីស្ពានព្រំដែនកម្ពុជាថៃមក ខាងកម្ពុជាប្រមាណ ៦គីឡូម៉ែត្រ កំពុងបង្ក ការកកស្ទះចរាចរដល់ការចេញចូលរបស់ភ្ញៀវទេសចរណ៍ ការដឹកទំនិញចេញចូលតាមរយៈរថយន្តធន់ធំជាដើម ។
ជាមួយនឹងការមមាញឹកនៃការធ្វើនេះ ផងដែរ គឺឃើញថា ក្រុមគណៈកម្មការអន្តរក្រសួងរបស់ខាងកម្ពុជា ជាមួយអាជ្ញាធរខេត្ត ក៏បានចុះសហការរួមគ្នា ធ្វើយ៉ាងណាសម្របសម្រួលផលប៉ះពាល់ប្រជាពលរដ្ឋ និងធ្វើចរាចរដល់ការសាងសង់ ផ្លូវដែកនេះផងដែរ។ ផ្លូវដែកដែលកំពុងស្ថាបនាភ្ជាប់ជាមួយថៃ គឺធ្វើកាត់ចំកណ្តាលរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយឆ្ពោះទៅព្រំដែនកម្ពុជាថៃ ពីមុខកាស៊ីណូជាច្រើន។
លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានឲ្យដឹងនូវ រសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ នេះថា ចំពោះបញ្ហាស្ថាបនាផ្លូវដែកនេះ ខាងលោកពុំដឹងព័ត៌មាន ជាក់លាក់នោះទេ ដោយគ្រាន់តែដឹងថា តាមការគ្រោង ទុកធ្វើយ៉ាងណាឲ្យរួចរាល់នៅចុងឆ្នាំ២០១៦ នេះតែម្តង ហើយចំពោះបញ្ហាផ្សេងៗ គឺលោកសូមឲ្យទំនាក់ទំនងសួរខាងនាយកដ្ឋានក្រសួងសាធារណៈការ និងដឹកជញ្ជូនកម្ពុជា។
គួររំឭកថា ផ្លូវដែកកម្ពុជាពីក្រុងសិរីសោភ័ណ នៃទីរួមខេត្តបន្ទាយមានជ័យ ទៅស្រុកអូរជ្រៅព្រំដែនកម្ពុជាថៃ បច្ចុប្បន្ន ជាក្រុងប៉ោយប៉ែត ត្រូវបានខូចខាតតាំងឆ្នាំ១៩៧៩ ហើយត្រូវបានប្រជាពលរដ្ឋមួយចំនួនរើដែកយកទៅលក់ ដើម្បីដូរអំបិល ។ តែដោយឡែកផ្លូវដែកពីក្រុងសិរីសោភ័ណ ទីរួមខេត្តបន្ទាយមានជ័យ ទៅខេត្តបាត់ដំបង គឺត្រូវបានឈប់ដំណើរការអំឡុងឆ្នាំ២០០១-២០០២៕
មតិយោបល់