ព័ត៌មានជាតិ

ព្រឹកមិនទាន់ ចោរចេញឆក់..ចាប់បាន២នាក់នៅខណ្ឌព្រែកព្នៅ!

ភ្នំពេញៈ ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពី​បុរសម្នាក់បានសម្រេច តែរត់មិនរួច ត្រូវបានប្រជាពលរដ្ឋ​ព័ទ្ធចាប់បានវាយទ្រមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាល​​ព្រែកព្នៅ​ បង្ក​ការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ​នៅចំណុច​មុខវត្តពោធិ៍មង្គលភូមិផ្សារលិច​ សង្កាត់ព្រែក​ព្នៅ​ ខណ្ឌព្រែក​​ព្នៅ​ រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះ ហែម វុទ្ធី ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ទូរស័ព្ទដែលជនសង្ស័យឆក់យកបានសម្រេចហើយគេចមិនរួចនោះសាំស៊ុង។

រីឯជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនោះទី១ឈ្មោះ សន រស្មី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ និងទី២ឈ្មោះ សឿន វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

តាមសម្ដីបុរសរងគ្រោះបានឲ្យដឹងថា​ មុនកើតកើតហេតុ រូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហម​ លាយខ្មៅ អត់ស្លាកលេខ​ជិះតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥​ ក្នុងទិសដៅពីត្បូងទៅជើង ខណៈដែលមកដល់ចំណុចមុខវត្តពោធិ៍មង្គល ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ​ហុងដាឌ្រីម​ ពណ៌ខ្មៅ ពាក់ស្លាកលេខ ​ភ្នំពេញ​1HI-5540 ជិះក្នុងទិសដៅស្របគ្នា​បានធ្វើសកម្មភាពឆក់ទូរសព្ទ័ពី​ហោប៉ៅអាវរបស់គាត់បានសម្រេច​រួចព្យាយាមជិះម៉ូតូគេច​ ហើយបត់ចូលតាមផ្សារព្រែកព្នៅក៏ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច​ ប៉ុស្តិ៍នគរបាលព្រែកព្នៅនាំយកមក​ធ្វើការសាកសួរ​​។

បច្ចុប្បន្ន​ ជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ច​ ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅ​អធិការរដ្ឋាននគរបាលខណ្ឌព្រែកព្នៅចាត់ការបន្តតាមនិតិវិធីច្បាប់​​៕

មតិយោបល់