ព័ត៌មានជាតិ

ផ្ទះល្វែងរបស់រដ្ឋ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១៦ តម្លៃ ២៥.០០០ ទៅ ៣ម៉ឺនដុល្លារ

ភ្នំពេញៈ គម្រោងលំនៅឋានសាធារណៈ សម្រាប់ប្រជាជនមានប្រាក់ចំណូលមធ្យម និងទាប និងមន្ត្រីរាជការ ដែលកំពុងស្ថិតក្នុងដំណាក់កាលការសិក្សា នឹងចាប់ផ្តើម នៅចុងឆ្នាំ២០១៦នេះ។ ផ្ទះល្វែងក្នុងគម្រោងរបស់រាជរដ្ឋាភិបាលនោះ នឹងមានតម្លៃចាប់ពី ២៥.០០០ ដុល្លារ ទៅ ៣០.០០០ ដុល្លារ ក្នុងផ្ទះ ១ ល្វែង។

លោក ស៊ា រិទ្ធី ប្រធានក្រុមហ៊ុន World Bridge International ដែលត្រូវទទួលបានសិទ្ធិពីរដ្ឋាភិបាល ដើម្បីអភិវឌ្ឍគម្រោងលំនៅឋានសាធារណៈ បានប្រាប់អ្នកកាសែត កាលពីចុងសប្តាហ៍មុនថា គម្រោងលំនៅឋានសាធារណៈ នៅពេលនេះគឺនៅក្នុងដំណាក់កាលសិក្សា ហើយការអភិវឌ្ឍគម្រោងទីមួយ នឹងចាប់ផ្តើមការសាងសង់របស់ខ្លួន នៅក្នុងខែតុលា ឬខែវិច្ឆិកា ឆ្នាំនេះ ។

លោក បានឲ្យដឹងថា មានគម្រោងជាច្រើនសម្រាប់ការអភិវឌ្ឍលំនៅឋានសាធារណៈ និងគម្រោងនីមួយៗអាចនឹងមានរយៈពីរឆ្នាំ សម្រាប់ការសាងសង់បញ្ចប់។ លោក រិទ្ធី បានថ្លែងថា “គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាជន ដែលមានប្រាក់ចំណូលមធ្យម និងទាប និងមន្ត្រីរាជការ ដោយសារមានតម្លៃសមរម្យ”។

លោក រិទ្ធី បានថ្លែងថា “តម្លៃចាប់ផ្តើមពី ២៥.០០០ ដុល្លារ ទៅ ៣០.០០០ ដុល្លារក្នុងមួយល្វែង ហើយយើងនឹងមានជំនួយហិរញ្ញវត្ថុ សម្រាប់ពួកគាត់ ដើម្បីមានលទ្ធភាពទិញផ្ទះនៅក្នុងគម្រោងនេះ”។ ទោះយ៉ាងណា លោកមិនបានបញ្ជាក់ពីកន្លែងសម្រាប់ការអភិវឌ្ឍន៍ទេ ដោយលោកហាក់មានការព្រួយបារម្ភអំពីការប៉ោងតម្លៃដី នៅទីតាំងនោះ។

ចំណែកលោក បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃនាយកដ្ឋានលំនៅឋានរបស់ក្រសួងក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ ដែលទទួលខុសត្រូវសម្រាប់ការរចនា និងអនុវត្តគោលនយោបាយ លំនៅឋានសាធារណៈ មិនធ្វើការអត្ថាធិប្បាយអំពីថាតើរដ្ឋាភិបាលផ្តល់ដីសម្រាប់ ការអភិវឌ្ឍ ឬក៏អត់ ដោយនិយាយថា លោកមិនមានព័ត៌មានលម្អិតអំពីគម្រោងនេះ។

អ្នកជំនាញ អចលនទ្រព្យនិយាយថា គម្រោងនេះ នឹងជួយសម្រួលប្រជាជនមានប្រាក់ចំណូលមធ្យម និងទាប និងមន្រី្តរាជការដើម្បីមានលទ្ធភាពទិញផ្ទះ និងធ្វើឲ្យជីវភាពកាន់តែប្រសើរ។

លោក ច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Mekong ស្វាគមន៍ចំពោះគម្រោងនេះ ហើយថា គម្រោងលំនៅឋានសាធារណៈ គឺជាគម្រោងថ្មីបំផុត សម្រាប់ប្រទេសកម្ពុជា ប៉ុន្តែមិនមែនសម្រាប់ប្រទេសអភិវឌ្ឍន៍ទេ។

លោក សុខនីម ថ្លែងថា “គម្រោងបែបនេះ នឹងជួយដល់ប្រជាជនដែលមានប្រាក់ចំណូលមធ្យម និងទាប និងមន្ត្រីរាជការមានផ្ទះផ្ទាល់ខ្លួនរបស់ពួកគាត់ នៅក្នុងទីក្រុង ខណៈវាជួយដល់សេដ្ឋកិច្ចជាតិផងដែរ”។ ជាមួយនឹងការអភិវឌ្ឍ នេះ លោក សុខនីម បន្តថា “វានឹងផ្តល់ជូននូវផ្ទះមានតម្លៃសមរម្យ សម្រាប់ប្រជាជន និងមានភាពងាយស្រួលសម្រាប់ពួកគេដែលមានផ្ទះនៅក្នុងទីក្រុង”។ លោក សុខនីម បានឲ្យដឹងទៀតថា “គម្រោងបែបនេះ ភាគច្រើនធ្វើឡើងនៅទីតាំងជាយទីក្រុង និងគម្រោងអាចធ្វើទៅបាន លុះត្រាតែមានការគាំទ្ររបស់រដ្ឋាភិបាល”។

តួលេខចុងក្រោយរបស់ ក្រសួងរៀបចំ ដែនដីនគរូបនីយកម្ម និងសំណង់ បង្ហាញថា វិស័យសំណង់ នៅក្នុងប្រទេសកម្ពុជា កំពុងមានការរីកចម្រើនជាដោយទុនវិនិយោគសរុបកើនដល់ ៨៣២,២ លានដុល្លារ កាលពីខែមិថុនា បើធៀបទៅនឹង ៣៩,៧ លានដុល្លាររយៈពេលដូចគ្នា កាលឆ្នាំមុន។
តួលេខរបស់ក្រសួងបានបង្ហាញថា មានចំនួន ២៧៧ គម្រោងសរុបស្មើនិងផ្ទៃក្រឡា ១,៥ លានម៉ែត្រការ៉េ គិតត្រឹមខែឧសភា បើប្រៀបធៀបទៅនឹង ១០៨ គម្រោង ដែលមានក្រឡាស្មើនឹង ១២៨ ២៨៥,៤៩ ម៉ែត្រការ៉េ កាលពីខែឧសភា ឆ្នាំមុន។ ក្រសួងបានអនុម័ត ៣៥ ២០៦ គម្រោង ដែលស្មើនឹង ៨៥ លានម៉ែត្រការ៉េ នៅទូទាំងប្រទេស បើគិតចាប់ពីឆ្នាំ២០០០ ដល់ខែឧសភា ឆ្នាំនេះ។ ក្នុងអំឡុងពេល ១៦ឆ្នាំ វិនិយោគវិស័យសំណង់ ឈានដល់ ៣២,៣ ពាន់លានដុល្លារ៕

maxresdefault

មតិយោបល់