កណ្តាលៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ធានាគុណភាពនៃផលិតផលឱ្យសមស្របតាមស្តង់ដារ ការការពារកម្មសិទ្ធិបញ្ញា ការទប់ស្កាត់ការក្លែងបន្លំ ទប់ស្កាត់ផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីការប្រើប្រាស់ផលិតផលមិនអនុលោម និងការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ គឺជាតួនាទីរបស់អគ្គនាយកដ្ឋានកាំកុងត្រូល។ អនុវត្តតួនាទីខាងលើ នៅថ្ងៃពុធ ១៣រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល ដោយមានការសហការពីគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារដែលមានដាក់តាំងលក់នៅក្នុងផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការតេស្តបឋមរកសារធាតុគីមីហាមឃាត់នៅលើផលិតផលម្ហូបអាហារមួយចំនួនរួមមាន៖ គ្រឿងសមុទ្រ ជ្រក់ បន្លែ ប្រហិត គុយទាវ ស្ករត្នោត ត្រីងៀត សាច់ក្រក ប្រហិតលាយគ្រឿង និងងៀតបបែល ។ល។
*លទ្ធផល៖ មន្ត្រីជំនាញបានរកឃើញ និងដកហូតងៀតបបែល មានវត្តមានសារធាតុគីមីហាមឃាត់បូរ៉ាក់ ចំនួន ១៩ គីឡូក្រាម យកមករក្សាទុកដើម្បីដុតកំទេចចោល និងបានដកយកគំរូបន្លែ ចំនួន ១៣ គំរូ ដូចជា ស្ពៃក្តោប ផ្កាខាត់ណា ត្រសក់ ស្ពៃតឿ ម្ទេសប្លោក សណ្តែកគួរ ស្លឹកខ្ទឹម ផ្លែម្រះ ផ្កាកាឆាយ ប៉េងបោះ និងស្ពៃក្រញាញ់ បញ្ជូនទៅមន្ទីរពិសោធន៍អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីធ្វើការវិភាគរកសំណល់ថ្នាំកសិកម្មបន្ថែមទៀត។
ក្នុងឱកាសនោះដែរ មន្ត្រីសាខាកាំកុងត្រូលបានណែនាំដល់អាជីវករ អោយយល់ដឹងអំពីអនាម័យនៃការដាក់លក់ចំណីអាហារ ជៀសវាងធ្វើឱ្យផលិតផលខូចគុណភាព មានចម្លងមេរោគ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ៕
មតិយោបល់