ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយរកឃើញគ្រឿងញៀន និងលាក់ទុកអាវុធកែច្នៃខុសច្បាប់

កែបៈ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកងកម្លាំងអន្តរាគមន៍ពិសេសខេត្ត តាមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប និងការសម្របសម្រួលពីលោក ខាន់ សុផល ព្រះរាជអាជ្ញារងអបសាលាដំបូងខេត្តកំពត នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ បានស្ទាក់ចាប់ការចរាចរណ៍ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ។

វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំ ៧កញ្ចប់ (ធំ១កញ្ចប់ តូច៦កញ្ចប់) ដែលសាម៉ីជន ទទួលស្គាល់ថាជាម៉ាទឹកកក។ ក្រោយការស្ទាក់ចាប់ សមត្ថកិច្ចបានទៅឆែកឆេរផ្ទះ ជនសង្ស័យ ដោយរកឃើញ ដាវសាម៉ូរៃ១ដើម កាំភ្លើងកែច្នៃ ២ដើម កន្ត្រៃ១ដើម ទូរស័ព្ទ១គ្រឿង ថង់សម្រាប់វេចខ្ចប់ និងឧបករណ៍ សម្រាប់ជក់១ចំនួនទៀត។

ជនសង្ស័យទាំងពីរនាក់ ៖ ទី១.ឈ្មោះ ហេង ចាន់ចាវ ប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិត រស់នៅភូមិ ឃុំខាងលើ ជាអ្នកចែកចាយ និងជាម្ចាស់គ្រឿងញៀន និងសម្ភារៈខាងលើ និងទី២.ឈ្មោះ គឹម សាន ប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត រស់នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ជាអ្នកទទួលខុសត្រូវដើរចែកចាយ តាមការចង្អុលណែនាំពីឈ្មោះ ហេង ចាន់ចាវ។

ក្រោយការចាប់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យ មកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការបន្ត៕

មតិយោបល់