ពោធិ៍សាត់ៈ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ ឆាំ រឿន ភេទស្រី អាយុ៥១ឆ្នាំ រស់នៅចំណុចតក់ឡក់ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយគាត់សុំសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់គ្រឿងញៀន ទៅលើកូនប្រុសបង្កើតរបស់គាត់ឈ្មោះ ពុំ ហៀន អាយុ២៩ឆ្នាំ រស់នៅចំណុចតក់ឡក់ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ដែលបានប្រព្រឹត្តដុតបំផ្លាញផ្ទះរបស់ខ្លួនបណ្តាលឲ្យឆេះខ្ទេចមួយផ្នែកក្រោយ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២និង៣០នាទីយប់ទាបភ្លឺ និងមានសតិមិនប្រក្រតី (និយាយច្រើនផ្តេសផ្តាស) ដោយសារកូនគាត់ប្រើប្រាស់គ្រឿងញៀន។
លុះវេលាម៉ោង១០និង៥០នាទី ព្រឹកថ្ងៃដដែល សមត្ថកិច្ចបាននាំខ្លួនឈ្មោះ ពុំ ហៀន ដែលកំពុងដេកនិយាយម្នាក់ឯងលើរានក្បែរមាត់អូរតក់ឡក់ខាងក្រោយផ្ទះរបស់ខ្លួន និងបានរកឃើញសម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយកំប្លេ និងស្នាមឆេះផ្ទះនៅហ៊ុយផ្សែងនៅឡើយ បន្ទាប់មកសមត្ថកិច្ចបានធ្វើតេស្តទឹកនោមរបស់ឈ្មោះ ពុំ ហៀន ស្វែងរកសារធាតុញៀន ជាលទ្ធផលឃើញ វិជ្ជមាន ។
ដោយម្តាយសាម៉ីជននោះពុំមានលទ្ធភាពយកកូនទៅមណ្ឌលកែប្រែ គាត់បានសំនូមពរឲ្យសមត្ថកិច្ចបញ្ជូនកូនប្រុសគាត់ទៅកែប្រែខ្លួននៅក្នុងពន្ធនាគារ តាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕
មតិយោបល់