ព័ត៌មានជាតិ

សង្វេកណាស់! រថយន្តក្រុមហ៊ុន L.M.Hដឹកជញ្ជូន បើកកៀរម៉ូតូបុរសម្នាក់ដួលអូសជាច្រើនមែត្រ បោកក្បាលស្លាប់យ៉ាងរន្ធត់

ភ្នំពេញៈ បុរសម្នាក់ត្រូវបានរថយន្តហ៊ីយ៉ាន់ដាយ២តោនកន្លះ របស់ក្រុមហ៊ុន L.M.Hដឹកជញ្ជូន បើកកៀរបណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាម ហើយពេលសាច់ញាតិក្រុមគ្រួសារទទួលបានដំណឹងដ៏សោកស្ដាយនេះភ្លាម ក៏នាំគ្នាមកទ្រហ៊ោយំននៀលពេញផ្លូវ គួរឲ្យសង្វេកបំផុត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យសង្វេកនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ លឹម បូណា ហៅឆុង អាយុ២៤ឆ្នាំ មុខរបរសន្តិសុខ រស់នៅក្រោយម្ដុំមន្ទីពេទ្យរុស្ស៊ី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុគេឃើញ ជនរងគ្រោះ(ស្លាប់) បានជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI LET’S ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FD-1998 ធ្វើដំណើរម្នាក់ឯងទិសដៅពីត្បូងមកជើង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ២តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-1004 បានធ្វើដំណើរស្របទិសគ្នាយ៉ាងលឿនមកពីក្រោយ ហើយបានកៀរម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួលអូសជាច្រើនម៉ែត្រ និងបណ្ដាលឲ្យជនរងគ្រោះបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធ័ម ហើយតៃកុងរថយន្តបង្កបានឈប់រថយន្តចុះគេចខ្លួនបាត់។ នៅសល់តែព្រូរថយន្តត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ ។

បន្ទាប់ពីកើតហេតុ មានម្ដាយបង្កើត និងបងប្អូនសាច់ញាតិជនរងគ្រោះបានចុះមកដល់កន្លែងកើតហតុ រួមជាមួយសម្លែងទ្រហ៊ោយំសោកស្ដាយជនរងគ្រោះយ៉ាងខ្លាំងបំផុត ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់