ព័ត៌មានជាតិ

ហ្វតរ៉េនជ័រ ស្លាកលេខភ្នំពេញ 2AW-9696 បុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់ជាច្រើនកង់ បើករត់ទៅបុកបង្គូលភ្លើងខ្ទេចទៅមុខលែងរួច

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តមួយគ្រឿង ទៅបុករបាំងថ្មបាំងកាត់ទទឹងផ្លូវបណ្តាលឲ្យបាក់ជាចំនួន៤កង់ រួចបើករត់ទៅបុកបង្គោលភ្លើងថ្មពេញទំហឹងបណ្តាលឲ្យបាក់បង្គោលចរាចរណ៍នៅជាប់បង្គោលភ្លើងអស់១ដើម រថយន្តខ្ទេចស្ទើរទាំងស្រុងម្ចាស់រងរបួសបែកមុខមាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១(សឡា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពពីប្រជាពលរដ្ឋបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តមួយគ្រឿងម៉ាកហ្វតរ៉េនជ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW-9696 បើកបរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចមុខក្រសួងកិច្ចការនារី បានជ្រុលចង្កូតទៅបុករបាំងថ្មបាំងកាត់ទទឹងផ្លូវ ខណៈផ្លូវកំពុងជួសជុលនៅខាងមុខបាក់អស់ចំនួន៤កង់។ ចំណែក២កង់អូសតាមរថយន្តប្រមាណជា២០ម៉ែត្រ បន្ទាប់មករថយន្តបានបើករត់ទាំងបែកកង់ខាងមុខនឹងបែកធុងទឹកត្រូវបានប្រជាពលរដ្ឋជិះម៉ូតូដេញតាមពីក្រោយមកដល់ចំណុចផ្លូវ៣៧១(សឡា)បានរេចង្កូតទៅបុកបង្គោលភ្លើងថ្មតាមចិញ្ចើមផ្លូវលាន់ដូចរន្ទះ បណ្តាលឲ្យបង្គោលចរាចរណ៍មួយដើមនៅជាប់នឹងបង្គោលភ្លើងថ្មបាក់ជា២។ ចំណែកបង្គោលភ្លើងថ្មរងការប្រេះបែកតិចតួច។ ចំណែកថយន្តបង្កខ្ទេចផ្នែកខាងមុខនិងបែកកង់មុខក្រោយខូចខាតស្ទើរទាំងស្រុង រីឯម្ចាស់រថយន្តបង្ករងរបួសបែកមុខមាត់ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោយស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់