ព័ត៌មានជាតិ

លួចគេបានវាគ្រាន់ ដល់ម្ចាស់គេទាន់ មានអីខ្នោះចឹងឯង

ភ្នំពេញៈ កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចទូរស័ព្ទដៃ ប្រព្រឹត្តត្រង់ចំណុច ក្នុងមន្ទីរពេទ្យកុមារជាតិ ជាន់ទី២ អាគារE ផ្លូវលេខ១១០ ក្រុម៤២ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ធា រ៉ា ហៅ រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ ខោអាវ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ ខេន សុខា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួលជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះលេខ៥ ផ្លូវបេតុង ក្រុម១៤ ភូមិបឹង សាឡាង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

វត្ថុតាងដកហូត រួមមាន៖ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Samsung Galaxy-S6 ពណ៌ទឹកមាស ប្រើប្រាស់ស៊ីមកាតលេខ 016472237។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុ ជនរងគ្រោះ បាននាំកូនស្រីអាយុ១១ឆ្នាំ មក សម្រាកនៅមន្ទីរពេទ្យកុមារជាតិ ដើម្បីព្យាលបាលជំងឺគ្រុនឈាម ហើយបាន ដាក់ទូរស័ព្ទដៃសាកថ្ម នៅក្បែរគ្រែរបស់ខ្លួន រួចក៏ដេក នៅក្បែរនោះ នៅពេលដេកពុំទាន់លក់ផង ស្រាប់តែឃើញជនសង្ស័យ ដើរសំដៅមកកាន់ទូរស័ព្ទរបស់ខ្លួន រួចធ្វើសកម្មភាព លួចយកទូរស័ព្ទដៃបានសម្រេច និងរត់គេចខ្លួនចេញពីបន្ទប់នោះ ហើយក៏ត្រូវបាន ជនរងគ្រោះ ស្រែកឲ្យអ្នកជិតខាង និងសន្តិសុខជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យ ត្រូវនាំខ្លួនយកមកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ទឹកល្អក់ទី១ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់