ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តពាក់ស្លាកលេខនគរបាល 2-6636 បានបុករះម៉ូតូកង់បីចំនួនពីរគ្រឿង បណ្ដាលឲ្យស្លាប់បុរសម្នាក់ និងបុរសម្នាក់ទៀតរបួសស្រាល ដែលហេតុការណ៍នេះ កើតទ្បើងនៅម៉ោង១០ និង៣០នាទីយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ត្រង់ចំណុចមុខផ្ទះលេខ៣៨៨Eo ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
រថយន្តបង្កម៉ាក Lexus RX350 ពណ៌ស ពាក់ស្លាកលេខនគរបាល 2-6636 បានធ្វើដំណើរពីជើងទៅត្បូង ស្របទិសជាមួយនឹងម៉ូតូកង់បីទាំងពីរគ្រឿង លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើ បានបុកម៉ូតូកង់បីមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1Q-4147 ពីក្រោយចំពេញមួយទំហឹង បណ្ដាលឲ្យម៉ូតូដាច់ជាពីរ រីឯម្ចាស់ម៉ូតូវិញបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ រួចរថយន្តបន្តទៅបុកកង់បីឥណ្ឌា មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GM-4690 ពេញមួយទំហឹង បណ្ដាលឲ្យក្រឡាប់ ខណៈម្ចាស់ម៉ូតូកង់បីវិញ រងរបួសស្រាល។
ក្រោយកើតហេតុរថយន្តបង្ក ព្យាយាមបើករត់ដោយយករថយន្តទៅទុក នៅកន្លែងផ្ញើឡានមួយកន្លែង រីឯអ្នកបើកបររថយន្ត គេចខ្លួនបាត់ស្រមោល។
សពជនរងគ្រោះដែលជាម្ចាស់ម៉ូតូកង់បី មានឈ្មោះ វាន់ ទិព្វ មានអាយុ៥៧ឆ្នាំ ស្រុកកំណើតនៅភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕
មតិយោបល់