បាត់ដំបងៈ កាលពីយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូមួយគ្រឿង បើកជែងរថយន្ត ទៅប៉ះនឹងចង្កូតម៉ូតូមួយទៀត បណ្ដាលឲ្យស្លាប់មនុស្ស ៣នាក់ ត្រង់ចំណុចភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនរងគ្រោះ បានជិះម៉ូតូ១គ្រឿងម៉ាក Dream125 បើកក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ បានបើកជែងរថយន្ត១គ្រឿង ម៉ាកហ្វុយសូ ក្នុងទិសដៅច្រាស់គ្នា ក៏បានរេចង្កូតទៅប៉ះដៃចង្កូតម៉ូតូ១គ្រឿងទៀត ម៉ាកឃ្លីក ខ្ទាតបោកចូលក្រោមរថយន្ត បណ្តាលឲ្យស្លាប់មនុស្ស ៣នាក់ភ្លាមៗតែម្តង។
ក្រោយកើតហេតុ រថយន្តបានបើករត់គេចខ្លួនបាត់។ ដោយឡែកមធ្យោបាយម៉ូតូទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ច អូសយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ខេត្ត រង់ចាំដោះស្រាយតាមច្បាប់ជាក្រោយ។
ចំណែកអ្នកស្លាប់ទាំង ៣នាក់ ត្រូវបានសមត្ថកិច្ច ទាក់ទងទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់