ព័ត៌មានជាតិ

ជនសង្ស័យឆក់ទូរស័ព្ទ ពីសិស្សសាលាម្នាក់ រត់មិនរួចជាប់ខ្នោះសមត្ថកិច្ច…

កណ្ដាលៈ កាលពីវេលាម៉ោង ១២ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីឆក់ទូរស័ព្ទ ត្រង់ចំណុចរោងលក់ផ្លែឈើឈ្មោះស៊ុ អាន ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះអាន ស៊ាងលី ភេទស្រី អាយុ១០ ឆ្នាំ រស់នៅភូមិជ្រោយមេត្រីក្រោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល សព្វថ្ងៃស្នាក់នៅបណ្ដោះអាសន្ន នៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរ សិស្ស។

ចំណែកជនសង្ស័យ ០២នាក់ ៖ ទី១.ឈ្មោះសុន រដ្ឋា ភេទប្រុស អាយុ២៣ ឆ្នាំរស់នៅភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) និងទី២.ឈ្មោះរិន ប៊ុនរឿន ហៅទុយ ភេទប្រុសអាយុ២០ ឆ្នាំ នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (គេចខ្លួន)។

វត្ថុតាងចាប់យក រួមមាន៖ ទូរស័ព្ទ ដៃម៉ាកOPPO F9 ពណ៌ខ្មៅ០១គ្រឿង របស់ជនរងគ្រោះ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ កំពុងអង្គុយលក់ផ្លែឈើ ពេលនោះជនសង្ស័យទាំង០២ នាក់បានជិះ ម៉ូតូម៉ាកMSX មកពីខាងត្បូង ដល់ចំណុចកើតហេតុ បានឃើញជនរងគ្រោះកំពុងអង្គុយចុចទូរស័ព្ទតែម្នាក់ឯង ជនសង្ស័យក៏បើកម៉ូតូហួស រួចបកត្រឡប់មកវិញ ដោយ ជនសង្ស័យឈ្មោះរិន ប៊ុនរឿនហៅទុយ បានឲ្យជនសង្ស័យឈ្មោះ សុន រដ្ឋា ដើរចូលទៅ ដោយជនសង្ស័យ សុន រដ្ឋា ប្រាប់ ជនរងគ្រោះថា រកទិញផ្លែឈើ ចំណែកជនសង្ស័យឈ្មោះ រិន ប៊ុនរឿន ហៅទុយ បានជិះម៉ូតូម៉ាក MSX ពណ៌ខ្មៅយឺតៗ ពីជើងទៅត្បូង មកដល់កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យឈ្មោះ សុន រដ្ឋា បានឆក់យកទូរស័ព្ទពីជនរងគ្រោះ ខណៈនោះក៏មានការតាយប្រតប់គ្នា រវាងជនរងគ្រោះ ជាមួយជនសង្ស័យ ដោយជនរងគ្រោះ បានស្រែកហៅឪពុក ដែលដេកនៅជិតនោះ ឲ្យជួយហើយ ក៏មានការផ្អើលឆោឡោឡើង ដល់អ្នកជិតខាងបានឃើញ ក៏ បានដេញចាប់ជនសង្ស័យ ឈ្មោះសុន រដ្ឋាបាន រួចក៏ប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអញ្ចាញតែម្តង។

ចំណែកជនសង្ស័យឈ្មោះ រិន ប៊ុនរឿន ហៅទុយ បានជិះម៉ូតូ គេចខ្លួនបាត់។ ករណីនេះ កម្លាំងជំនាញកំពុងសហការ ជាមួយកម្លាំងនគរ
បាលប៉ុស្តិ៍ព្រែកអញ្ចាញ ដើម្បីបន្តចំណាត់ការតាមនីតិវិធី៕

មតិយោបល់