Post News Media ព័ត៌មានជាតិ រថយន្តក្រុមហ៊...

រថយន្តក្រុមហ៊ុនភ្នំពេញសូរិយា ដឹកជញ្ជូនអ្នកដំណើរ បុករថយន្តហាយឡាក់វីហ្គោ ពីក្រោយរងការខូចខាត!​

ភ្នំពេញ: រថយន្តក្រុមហ៊ុនភ្នំពេញសូរិយាដឹកជញ្ជូនអ្នកដំណើរបានជ្រុលចង្កូតបុករថយន្តហាយឡាក់វីហ្គោ ពីក្រោយរងការខូចខាតយ៉ាងដំណំ កាលពីល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨
ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចទល់មុខសុជាតាលក់គ្រឿងសង្ហារឹមគ្រប់ប្រភេទ ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តក្រុមហ៊ុនភ្នំពេញសូរិយាដឹកជញ្ជូនអ្នកដំណើរ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3A.​9611។ រថយន្តហាយឡាក់វីហ្គោពាក់ស្លាកលេខភ្នំពេញ2H. 7592។
ចំណែករថយន្តឡិចស៊ីសដែលបត់ឆ្លងផ្លូវមិនចាំស្លាកលេខនោះទេ។

តាមប្រភព័ត៌មាននៅពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត៣គ្រឿងធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង ដោយរថយន្តឡិចស៊ីសមិនចាំស្លាកលេខ បើកមុខហើយខាងស្តាំរថយន្តហាយឡាក់វីហ្គោ បើកបន្ទាប់និងរថយន្តក្រុមហ៊ុនសូរិយាដឹកជញ្ជូនអ្នកដំណើរបើកខាងក្រោយ ខណ:មកដល់ចំណុចកើតហេតុរថយន្តឡិចស៊ីសបានស៊ីញ៉ូបត់ឆ្វេងដើម្បីឆ្លងផ្លូវអ្នកបើករថយន្តហាយឡាក់វីហ្គោក៏បន្ថយល្បឿន ស្រាប់តែរថយន្តក្រុមហ៊ុនភ្នំពេញសូរិយាដឹកជញ្ជូនអ្នកដំណើរជ្រុលចង្កូតទៅបុកពីក្រោយបណ្តាលឲ្យក្រពឹតរថយន្តហាយឡាក់វីហ្គោយ៉ាងដំណំ។ ចំណែករថយន្តក្រុមហ៊ុនភ្នំពេញសូរិយាដឹកអ្នកដំណើរខូចខាតកំណាត់មុខផ្នែកខាងស្តាំ​ ដោយឡែករថយន្តឡិចស៊ីសដែលបានបត់ឆ្លងផ្លូវបានបន្តដំណើរទៅទិសខាងជើង។

ក្រោយកើតហេតុភាគីទាំង២បានព្យាយាមដោះស្រាយសម្របសម្រួលគ្នាដោយសន្តិវិធីក្រោយវត្តមានសមត្ថកិច្ចមូលដ្ឋាន៕