ព័ត៌មានជាតិ

ភ្ញៀវទេសចរ​ម្នាក់ ​រអិល​ធ្លាក់​ពីលើផ្ទះ​សំណាក់MAGIC SPONGE ក្រុង​កំពត បណ្តាល​ឲ្យ​ស្លាប់

កំពត: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ច​បានទទួល​ព័ត៌មាន​ថា មាន​ករណី​ជនបរទេស​ស្លាប់​នៅផ្ទះ​សំណាក់ MAGIC SPONGE ស្ថិតនៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ GAPPA HUNTER JAMES ភេទ​ប្រុស ជនជាតិ​អាមេរិក អាយុ​២០​ឆ្នាំ មក​ប្រទេស​កម្ពុជា​ជា​ភ្ញៀវទេសចរ ។ ជនរងគ្រោះ​ស្លាប់ ដេក​ផ្កាប់មុខ នៅលើ​ទីធ្លា​មុខផ្ទះ​សំណាក់ ដោយ​របួស​បែកក្បាល ហូរឈាម​ជាច្រើន​នៅ​ជុំវិញ​នោះ ដោយមាន​បៀ​មួយ​ហ៊ូ​នៅលើ​ដំបូល​ក្នុង​ទ​ស៊ីម៉ង់​នៃ​ចុង​ក្បឿង​ដំបូល​លើ និង​មាន​ស្នាម​ជ្រះ​ធូលី ដែល​នៅជាប់​ក្បឿង​នោះ ។​

​សមត្ថកិច្ច​សន្និដ្ឋានថា ជនរងគ្រោះ​លូកដៃ​យក​បៀ​ដែល​ធ្លាក់​នៅលើ​ទឹក​ផ្នែក​ខាងលើ​នោះ រួច​រអិល​ធ្លាក់​មកក្រោម កម្ពស់​ប្រមាណ​ជិត​១០​ម៉ែត្រ បណ្តាលឲ្យ​បែកក្បាល​ស្លាប់​នៅ​ម៉ោង​ប្រមាណ​១​ទៅ​៣​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៨ ។

​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ពិនិត្យ​បន្ថែម​ស្លាកស្នាម​ផ្សេងទៀត ដូចជា​មាន​សក់​នៅជាប់​នឹង​ស៊ីម៉ងត៍ នៅត្រង់​កន្លែង​រអិល​ធ្លាក់ និង​សួរ​សាក្សី​មួយចំនួន​ដែល​ដឹង​ហេតុការណ៍ និង​រាយការណ៍​លំអិត​បន្ថែម​អំពី​លទ្ធផល​ចុងក្រោយ ៕

មតិយោបល់