បារាំងៈ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ បាននិយាយថា ការតវ៉ារបស់ក្រុមអាវពណ៌លឿង គឺជាមហន្តរាយមួយ សម្រាប់សេដ្ឋកិច្ចនៅក្នុងប្រទេសបារាំង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។
មកទល់ពេលនេះ បារាំង បានប្រឈមមុខនឹងបាតុកម្មតវ៉ា ចំនួនបួនលើកចុងក្រោយជាប់ៗគ្នា ក្នុងការប្រឆាំងនឹងការដំឡើងថ្លៃប្រេងឥន្ធនៈ ការចំណាយលើជីវភាពខ្ពស់ និងបញ្ហាផ្សេងៗទៀតផងដែរ។
ក្រុមអ្នកតវ៉ាប្រហែល ១២៥,០០០ នាក់ បានដើរដង្ហែរតាមដងផ្លូវ កាលពីថ្ងៃសៅរ៍ ដោយមានមនុស្សជាង ១,២០០ នាក់ ត្រូវបានចាប់ខ្លួន។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ត្រូវបានគេរំពឹងថា នឹងប្រកាសអំពីវិធានការ ដើម្បីប្រឆាំងនឹងវិបត្តិមួយនេះ នៅក្នុងសេចក្ដីថ្លែង ទៅកាន់ប្រទេសជាតិខ្លួន នៅថ្ងៃច័ន្ទនេះ។
យ៉ាងណាមិញរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុលោក Bruno Le Maire បានហៅស្ថានភាពនេះថាជា «វិបត្តិមួយ» ដែលនឹងជះឥទ្ធិពល សម្រាប់ទាំងសង្គម និងលទ្ធិប្រជាធិបតេយ្យ។
ដោយលោកបានមានប្រសាសន៍យ៉ាងដូច្នោះ ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ហាងនានានៅទីក្រុងប៉ារីស ដែលបានរងការខូចខាត ដោយសារបាតុកម្មនេះ ហើយថា៖ «វាជាគ្រោះមហន្តរាយមួយ សម្រាប់សេដ្ឋកិច្ចរបស់យើង»៕
មតិយោបល់