កណ្តាលៈ ករណីបាត់ម៉ូតូមួយគ្រឿង ក្រោយមកម្ចាស់ម៉ូតូ បានទៅដាក់ពាក្យបណ្តឹងបានមួយថ្ងៃ ស្រាប់តែធ្លាយភិនភាគម៉ូតូដែលបានបាត់នោះនៅក្នុងខេត្តតាកែវ ធ្វើឲ្យសមត្ថកិច្ចក្រុងតាខ្មៅសហការ តាមប្រកៀកប្រកិត រហូតចោរអស់លក្ខណ៍ជិះម៉ូតូប្លុងចោលក្នុងព្រៃមួយកន្លែងនៅក្នុងស្រុកកោះធំ។
សមត្ថកិច្ចបានឲ្យដឹងនៅ ជនរងគ្រោះបានបាត់ម៉ូតូ កាលពីវេលាម៉ោង ១១ និង៥៥នាទីយប់ ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៦ នៅចំណុចភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ម្ចាស់ម៉ូតូឈ្មោះ អួន ឆោម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងចក ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
សមត្ថកិច្ចបន្តថា យប់មុនពេលកើតហេតុថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ០៨ និង៣០នាទីយប់ ជនរងគ្រោះខាងលើ បានទុកម៉ូតូនៅកន្លែងស្នាក់នៅរបស់ខ្លួនភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ហើយចូលដេកបាត់ទៅ។ លុះដល់ព្រឹកឡើងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៦ និង៤០នាទីព្រឹក ជនរងគ្រោះបានក្រោកពីដំណេក ចុះមកមើលម៉ូតូ ស្រាប់តែបាត់ម៉ូតូ ពីកន្លែងដែលខ្លួនបានទុកកាលពីយប់មិញ។ បន្ទាប់មក ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ឲ្យជួយស្វែងរកម៉ូតូ។
បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះហើយ កំលាំងប៉ុស្តិ៍កំពង់សំណាញ់បានស្រាវជ្រាវ រហូតទទួលដំណឹងពីខេត្តតាកែវថា មានសង្ស័យយកម៉ូតូទៅលក់ដូចជាម៉ូតូរបស់ជនរងគ្រោះ។ ភ្លាមនោះ កំលាំងប៉ុស្តិ៍កំពង់សំណាញ់ តាមរកមុខសញ្ញាសង្ស័យយ៉ាងប្រផិតប្រផីងដល់ខេត្តតាកែវ។ ពេលនោះជនសង្ស័យបានដឹងខ្លួនថា កំលាំងប៉ុស្តិ៍កំពង់សំណាញ់កំពុងតាមខ្លួន ជនសង្ស័យក៍ជិះម៉ូតូរត់គេចខ្លួនមកស្រុកកោធំតែម្តង។ ដោយមានការរាយការណ៍ មកកាន់សមត្ថកិច្ចស្រុកកោះធំ ថាជនសង្ស័យជិះម៉ូតូឆ្លងទូកដរ កាត់តាមបឹងមកកាន់ស្រុកកោះធំ។ ភ្លាមនោះ កំលាំងជំនាញស្រុកកោះធំ សហការជាមួយកំលាំងប៉ុស្តិ៍ ចុះទៅធ្វើការពួនស្ទាក់មុខសញ្ញាសង្ស័យ តែត្រូវជនសង្ស័យឃើញសមត្ថកិច្ចភ្លាម បានផ្តួលម៉ូតូចោល រត់គេចខ្លួនចូលព្រៃជ្រៅបាត់។
បច្ចុប្បន្នមុខសញ្ញាសង្ស័យត្រូវបាន សមត្ថកិច្ចកំណត់មុខសញ្ញាបាន និងស្រាវជ្រាវរកតាមចាប់ខ្លួន៕
មតិយោបល់