បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី អំពើហិង្សា និងធ្វើទារុណកម្មលើកុមារ(កូនបង្កើត) ដែលប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ដោយមើលឃើញព័ត៌មានផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ដែលបង្ហាញវីដេអូ១ក្លិប របស់កុមារារងគ្រោះអាយុ៤ឆ្នាំ ៨ខែ ត្រូវឪពុកវាយធ្វើបាប បង្ខំឲ្យដើរសុំទាន តាមផ្សារ និងទីប្រជុំជននានាក្នុងក្រុងប៉ោយប៉ែត ។
ក្រោយពីទទួលបានព័ត៌មានស្តីពីករណីខាងលើ លោកបានរាយការណ៍ជូនលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីស្នើសុំគោលការណ៍ចុះអនុវត្តន៍តាមនីតិវិធី ។
ក្រោយពីទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរួចមក លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ុ រ៉ា ភេទ ប្រុស អាយុ ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដើម្បីយកមកសាកសួរ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។ ចំណែកកុមាររងគ្រោះ កម្លាំងកងរាជអាវុធហត្ថ បានប្រគល់ជូនទៅជីដូនបង្កើតរបស់កុមាររងគ្រោះ មានឈ្មោះ សោម សារ៉េត អាយុ ៦៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ដោយមើលឃើញពីស្ថានភាពជីវភាពរបស់ជីដូនកុមាររងគ្រោះជួបការលំបាក លោកវរសេនីយ៍ត្រី នួន នីណារ៉ូ និងសហការីបាននាំយកអំណោយ រួមមាន ៖ -អង្ករ ៥០គ.ក -ទឹកត្រី ០១យួរ -ទឹកស៊ីអ៊ីវ ០១យួរ -ត្រីខ ១០កំប៉ុង -អំបិល ០១គ.ក -ស្ករស ០១គ.ក និងថវិកា ១០០.០០០រៀល ផងដែរ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញអាវុធហត្ថខេត្តធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបានប្រើហឹង្សាទៅលើកូនពិតប្រាកដមែន នៅពេលដែលខ្លួនសុំទានមិនបាន ព្រោះខ្លួនត្រូវការលុយយកទៅទិញគ្រឿងញៀនជក់ និងទិញស្រាផឹក ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតផងនោះ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សា និងធ្វើទារុណកម្មលើកុមារ។ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

មតិយោបល់