ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវរហូតដល់តាមចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូចំនួន២គ្រឿង ក្នុងទីតាំងតែមួយ បានសម្រេចហើយគេចខ្លួនបាន១ថ្ងៃ ចាប់ខ្លួនបានតែម្តង កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួល ភូមិស្រៃជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះ សូ លីដា ហៅអាស្វិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខអា០៩ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ មាន២នាក់ ទី១ ឈ្មោះ ថុល ធឿន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួល លេខ២៥ ជាន់ទី៤ បុរីប៊ុនហួ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FP-0519 ។ ទី២ឈ្មោះ ឈាល ហាវ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ បន្ទប់ជួលលេខ២៣ ជាន់ទី៤ បុរីប៊ុនហួ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ជាម្ចាស់ម៉ូតូ ម៉ាក ហុងដា សេ១២៥ សេរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1D-6805 ។
តាមសម្តីជនរងគ្រោះទាំង២នាក់ បានឲ្យដឹងថា ម៉ូតូរបស់ពួកគាត់ បានចតចាក់សោទុកនៅក្នុងបន្ទប់មួយខាងក្រោម រាល់ថ្ងៃ ហើយនៅយប់ថ្ងៃទី៨ ខែធ្នូ ម៉ូតូចតទុកចាក់សោត្រឹមត្រូវ ក្នុងបន្ទប់ហើយនាំគ្នាឡើងដកសម្រាក រៀងខ្លួន ស្រាប់តែនៅព្រឹក ថ្ងៃទី៩ ខែធ្នូ ភ្ញាក់ក្រោកពីដំណេក ចុះមករកម៉ូតូ ស្រាប់តែបាត់ ជនសង្ស័យលួច ២គ្រឿងទៅបាត់ រួចក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ២ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងជនរងគ្រោះ កម្លាំងនគរបាល ធ្វើការស្រាវជ្រាវ ឈានដល់កំណត់មុខសញ្ញាបាន នៅរសៀលថ្ងៃទី១០ ខែធ្នូ នេះ កម្លាំងប៉ុស្តិ៍ និងកម្លាំងជំនាញចុះ ទៅបង្ក្រាបចាប់ខ្លួនបានជនសង្ស័យ ហើយរកឃើញម៉ូតូទាំង២គ្រឿង របស់ជនរងគ្រោះ និងគ្រឿងម៉ូតូ សម្ភារៈមួយចំនួនទៀត ។
ក្រោយពីចាប់ខ្លួនបានជនសង្ស័យ នាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ២ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់