ភ្នំពេញៈ ម៉ូតូកង់បីមួយគ្រឿង បានបើកឆ្លងកាត់ទទឹងផ្លូវ ក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់ ក៏ត្រូវម៉ូតូសេ១២៥ ជិះគេចមិនទាន់ ជ្រុលទៅបុកក្រឡាប់ផ្ងារជើង បណ្ដាលឲ្យយុវជនម្នាក់រងរបួស កាលពីវេលាម៉ោង៥ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ មុខច្រកចូលបុរី ប៊ុន ហួរ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
ភាគីខាងម៉ូតូកង់បី ឡាំប្រ៊ុយតា ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរ រត់គេចខ្លួនបាត់ ក្រោយកើតហេតុ ។ ចំណែក ភាគីម៉ូតូ ហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-0193 បើកបរដោយយុវជនម្នាក់ អាយុ២១ឆ្នាំ មុខរបរ ជាអាជីវករ លក់គ្រឿងបន្លាស់ម៉ូតូ មានទីលំនៅ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រងរបួសបែកមុខ បាក់ក្តោងច្រមុះ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ទើបតែវិលត្រឡប់មកពី ផ្ទះមិត្តភក្ដិ នៅភូមិក្រាំងដូនទៃ គោលបំណងជិះឆ្ពោះទៅផ្ទះ ដោយធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ស្រាប់តែឃើញម៉ូតូកង់បី បើកឆ្លងផ្លូវ ទាំងតក់ក្រហល់ ចេញពីផ្លូវបុរីប៊ុន ហួរ ឆ្លងផ្លូវពីកើតទៅលិចវឹង ធ្វើឲ្យម៉ូតូជនរងគ្រោះ ជិះពីត្បូងទៅជើង ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកយ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡាប់ម៉ូតូកង់បីផ្ងារជើង បណ្ដាលឲ្យភាគីម៉ូតូសេ១២៥ រងរបួស ចំណែក អ្នកបើកបរម៉ូតូកង់បី មិនមានរបួសទេ បានស្ទុះងើបរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះ របស់អង្គភាព៧១១ ចេញទៅជួយជូតលាង របួស តែជនរងគ្រោះ សុំមិនទៅពេទ្យទេ ដោយរង់ចាំក្រុមគ្រួសារ មកដឹកបញ្ជូនទៅពេទ្យដោយខ្លួនឯងវិញ ។ រីឯម៉ូតូកង់បី ក្រោយម្ចាស់រត់ចោលបាត់ សមត្ថកិច្ចបានចុះទៅវាស់វែង រួច យកទៅរក្សាទុកនៅផ្នែកជំនាញ អធិការខណ្ឌពោធិ៍សែនជ័យ រួមជាមួយម៉ូតូ របស់ជនរងគ្រោះផងដែរ ដើម្បី រងចាំដោះស្រាយពេលក្រោយ ៕
មតិយោបល់