ព័ត៌មានជាតិ

បើកភ្លើងចោលក្នុងផ្ទះ ហើយដើរចោល មានអីទុស្សេខ្សែភ្លើងឆេះខ្ទេចគ្មានសល់..

ត្បូងឃ្មុំ: មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង៤០នាទី​ទៀបភ្លឺ ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ភូមិបីម៉ែត្រ ឃុំទួលស្នល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

ករណីនេះបណ្តាឲ្យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ដែលមានម្ចាស់ផ្ទះឈ្មោះ លូង កេង ភេទស្រី អាយុ៨១ឆ្នាំ មានទំហំ ៦,៧ គុណ ១២ ម៉ែត្រ សង់អំពីឈើប្រកក្បឿង ខណ:ដែលម្ចាស់ផ្ទះមិននៅ ទៅស្នាក់ផ្ទះរបស់គាត់មួយទៀតដែលនៅជិតនោះ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងអន្តរាគមន៍ និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ បានចុះទៅដល់គោលដៅ និងសុំការចុះជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យក្រុងសួង និងស្រុកត្បូងឃ្មុំ ចុះទៅបាញ់ពន្លត់ ដោយប្រើប្រាស់រថយន្តចំនួន៣គ្រឿង។

ក្នុងនោះដែរបើតាមការបញ្ជាក់ពីម្ចាស់ផ្ទះឈ្មោះ លូង កេង មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះនោះ គឺមកពីឆ្លងចរន្តអគ្គីសនី (ទុស្សេខ្សែភ្លើង)ដោយបានបើកអំពូលភ្លើងចោល ទើបឆេះផ្ទះអស់ទាំងស្រុង បាត់បង់លុយ២,០០០$, ខ្សែកផ្លាកទីន៨ជី, និងសម្ភារ:ប្រើប្រាស់ផ្សេងៗមួយចំនួនទៀត៕

មតិយោបល់