ភ្នំពេញៈ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ បានសព្វរាជហឫទ័យ ស្ដេចយាងចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃទី៥ ខែកក្កដាឆ្នាំ២០១៦ តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព ទៅតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតគ្រូពេទ្យចិននៅទីនោះ។
នៅក្នុងព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រចុះ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦ ផ្ញើជូនជនរួមជាតិបានគូសបញ្ជាក់ថា ខ្ញុំព្រះករុណាខ្ញុំ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និងអនុញ្ញាត ពីសម្ដេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ សម្ដេច ឯកឧត្ដមលោកជំទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ តទៅ ធ្វើដំណើរទៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្យាបាលព្រះរាជសុខភាព។
នៅក្នុងឱកាស អវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំខាងលើនេះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងទទួលជួយ ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា៕
មតិយោបល់