ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

(មានវីដេអូ) ចេន សាយចៃ ជំងឺមហារីកធ្វើទុក្ខ

ភ្នំពេញៈ ចាត់ទុកជាការភ្ញាក់ផ្អើល ដែលតារាចម្រៀងសំនៀងរដឺនអ្នកនាង ចេន សាយចៃ បានសារភាពថា អ្នកនាងមានជំងឺមហារីកនៅត្រង់បំពង់-ក ដែលផ្ទុយពីតារាចម្រៀងខ្លះ បើទោះជាកើតមាននូវបញ្ហានេះដូចអ្នកនាង ក៏មិនហ៊ានលាតត្រដាងការពិត។ មកទល់ពេលនេះ ជំងឺរបស់អ្នកនាង ដែលបានកើតឡើងនៅតែបន្តធ្វើទុក្ខ បើទោះជាដុំសាច់កាចនោះ ត្រូវបានព្យាបាលដោយក្រុមគ្រូពេទ្យក៏ដោយ។

ឆ្លើយតបនឹងកម្មវិធី «ស៊ីអារម្មណ៍» របស់ទូរទស្សន៍ PNN កាលពីយប់ថ្ងៃទី៤ ខែកក្កដា អ្នកនាង ចេន សាយចៃ បានអះអាងថា អ្នកនាងមានជំងឺមហារីកត្រង់បំពង់កច្រើនឆ្នាំមកហើយ ដោយសាច់កាចដែលបានកើតឡើងនោះ គឺមានរហូតដល់៤គ្រាប់ ដោយឡែកពីគ្នា ដែលជាដើមហេតុធ្វើឲ្យអ្នកនាងពិបាកស្រែកច្រៀងមុនពេលទទួលការព្យាបាល។ អ្នកនាងបញ្ជាក់ថា ដុំសាច់មហារីកនោះ ត្រូវបានវះកាត់រួចហើយ ប៉ុន្តែចំហាយនៃការធ្វើទុក្ខ គឺនៅតែបានកើតឡើង ដោយនៅបន្តធ្វើទុក្ខបណ្ដាលឲ្យអ្នកនាងត្រូវបង្ខំចិត្តថែទាំបំពង់កខុសប្លែកពីតារាចម្រៀងផ្សេងទៀត។

តារាចម្រៀងប្រចាំផលិតកម្មថោន ដែលមានដើមកំណើតនៅខេត្តសុរិន្ទ ប្រទេសថៃ រូបនេះ បានថ្លែងប្រាប់ថា មកទល់នឹងពេលនេះ អ្នកនាងមិនអាចទទួលទានអាហារមានជាតិខ្លាញ់ ទឹកកក ស្រាប៊ៀ សុរា និងទទួលស្រូបផ្សែងបារីបានទេ ដោយសារតែជំងឺដែលបានកើតឡើង បើទោះជាវះកាត់ហើយ ក៏នៅតែធ្វើទុក្ខខ្លាំងឲ្យតែអ្នកនាងជ្រុលដៃសាកល្បងនូវអាហារដែលបានហាមឃាត់ទាំងនោះ។ អ្នកនាងថា ពេលខ្លះ ស្ថានភាពឡើងស្លេស គឺបានធ្វើឲ្យអ្នកនាងពិបាកស្រែកច្រៀង និងពិបាកដកដង្ហើម អញ្ចឹងហើយទើបអ្នកនាងមានទម្លាប់មិនទទួលទានអាហារមុនពេលឡើងច្រៀងនោះទេ បើទោះជាកម្មវិធីដែលត្រូវច្រៀងនោះ បន្តរហូតដល់យប់ជ្រៅ។

ការប្រកាសរបស់ ចេន សាយចៃ ក្រៅពីធ្វើឲ្យចាប់អារម្មណ៍ក៏ធ្វើឲ្យមហាជនសម្ដែងក្ដីអាណិតចំពោះអ្នកនាងផងដែរ ដោយសារតែអ្នកនាង គឺជាតារាចម្រៀងខ្មែរ នៅលើទឹកដីសុរិន្ទ ដែលមានទឹកដមសំឡេងល្អម្នាក់ ប៉ុន្តែបែរជាមកពើបប្រទះនឹងជំងឺមហារីកធ្វើឲ្យប៉ះពាល់ដល់សំឡេង។ អ្នកនាងបញ្ជាក់ថា នឹងបន្តថែទាំសុខភាពមិនឲ្យប៉ះទង្គិចដល់អាជីពចម្រៀងនោះទេ ដរាបណាអ្នកគាំទ្រអ្នកនាងនៅតែលើកទឹកចិត្ត និងស្នេហាបទចម្រៀងរបស់អ្នកនាង៕

https://www.youtube.com/watch?v=V3aTKjivR34

មតិយោបល់