ព័ត៌មានជាតិ

លោកមេឃុំមើលមិនឃើញសង្វៀនប្រជល់មាន់ និងអាប៉ោងក្រោយផ្ទះ

កែប: ក្រុមប្រជាពលរដ្ឋបានរិះគន់ថា សង្វៀនប្រជល់មាន់ និងអាប៉ោងនៅក្នុងភូមិរបស់ពួកគាត់ កំពុងបង្កភាពអសន្តិសុខ និងរំខានដល់ការរស់នៅរបស់ពួកគាត់តែបែរជាគ្មានអាជ្ញាធរ ឬ សមត្ថកិច្ចបង្ក្រាបឡើយ។

​យោងតាមសេចក្តីរាយការណ៍ ពីលោក វែង អ្នកភូមិម្នាក់ក្នុងតំបន់នោះបានឲ្យដឹងថា ទីតាំងសង្វៀនប្រជល់មាន់ និងចាក់អាប៉ោង ដែលកំពុងបង្កផលប៉ះពាល់ និងរំខានអ្នកភូមិនោះ គឺលេងក្នុងផ្ទះលោក ឃូវ( ហៅទិព្ទ) មានទីតាំង ចម្ងាយប្រមាណ២០០ម៉ែត្រ នៅខាងក្រោយផ្ទះលោកមេឃុំតែម្តង ដែលស្ថិតក្នុងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដោយឡែកគេមិនបានដឹងថា មូលហេតុអ្វីបានជាសង្វៀនប្រជល់មាន់មួយនេះ អាចលេងបានទាំងបើកចំហរ ដោយមិនរំខានដល់សមត្ថកិច្ច ឬ អាជ្ញាធរយ៉ាងនេះទេ ប្រភពដដែលបន្តថា ជារឿយៗ ពលរដ្ឋធ្លាប់បានរាយការណ៍ជូនមេឃុំ ឬ សមត្ថកិច្ចប៉ុស្តិ៍ដែរ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែគ្មានបានលទ្ធផលអ្វីក្នុងការបង្ក្រាបសោះ ពួកគាត់ព្រួយបារម្ភថា បើសិនជាអាជ្ញាធរ ឬសមត្ថកិច្ចនៅតែបែរខ្នងចេញយ៉ាងដូច្នេះ មុខជាធ្វើឲ្យពលរដ្ឋអស់សង្ឃឹមជាក់ជាមិនខាន។

​ទាក់ទងបញ្ហានេះលោក ម៉ី លីន មេឃុំអង្កោល បានថ្លែងប្រាប់ដោយទទួលស្គាល់ថា ទីតាំងល្បែងស៊ីសងនេះពិតជាមានមែន ក៏ប៉ុន្តែអាជ្ញាធរមិនបានពាក់ព័ន្ធលុយកាក់ក្នុងរឿងនេះឡើយ លោកបន្តថា ម្ចាស់សង្វៀនត្រូវបានអាជ្ញាធរអញ្ជើញមកអប់រំនែនាំ និងធ្វើកិច្ចសន្យារួចមកហើយ មិននឹកស្មាននៅហ៊ានលេងទៀតដូច្នេះ។

​ជាមួយគ្នានេះ លោក ស៊ុម សុផាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្កោល បានថ្លែងថាលោកក៏មិនបានផលអ្វីពីក្រុមអ្នកលេងនោះដែរ ហើយនៅពេលដែលក្រុមអ្នកសារព័ត៌មានរាយការណ៍ជូនលោក ដើម្បីមកបង្ក្រាប លោកបានថ្លែងថា និងចាត់កំលាំងឲ្យមកពិនិត្យមើល ក៏ប៉ុន្តែរយៈពេលជាង១០ម៉ោង នៃទីតាំងល្បែងស៊ីសងនេះ ពុំមានឃើញមានវត្តមានសមត្ថកិច្ចចុះមកដូចជាការលើកឡើងរបស់លោកនាយប៉ុស្តិ៍នេះទេ។

​ចំនែកឯលោក សែម បញ្ញាមន អធិការនគរបាលស្រុកដំណាក់ចង្អើរ បានយ៉ាងខ្លីថាលោកមិនទាន់បានដឹងទេ ពីបញ្ហានេះ ព្រោះនាយប៉ុស្តិ៍រាយការណ៍ជូនលោកថា គ្មានល្បែងស៊ីសងទេ។​

យាងណាក៏ដោយពលរដ្ឋបានសំណូមពរថា បើសិនជាសមត្ថកិច្ច ឬអាជ្ញាធរភូមិឃុំមិនមានជាប់ពាក់ព័ន្ធពីក្រោយខ្នងរឿងនេះទេ គួរតែចាត់វិធានការក្តៅ បង្ក្រាបក្រុមអ្នកលេង និងទីតាំងល្បែងស៊ីសងនេះ ដើម្បីរក្សាសុវត្ថិភាពក្នុងមូលដ្ឋាន ពិសេសគឺឆ្លើយតបគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕

មតិយោបល់