ប្រទេសកូរ៉េខាងត្បូងកំពុងទទួលរងនូវរលកដ៏អាក្រក់បំផុតនៃការរីករាលដាលជំងឺកូវីដ-១៩ បើទោះបីជាមានវិធានការរឹតត្បិតយ៉ាងតឹងរឹងនៅទូទាំងប្រទេសក៏ដោយ ព្រោះទម្រង់វីរុសឆ្លងរាលដាលកាន់តែឆាប់រហ័ស ចំពេលដែលការចាក់វ៉ាក់សាំងមានការយឺតយ៉ាវ ធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់ប្រទេសនេះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា ករណីឆ្លងថ្មីបានកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងប្រទេសចាប់តាំងពីដើមខែកក្កដាមក ដោយបានកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយដែលមានចំនួន ២ ២២៣នាក់កាលពីថ្ងៃពុធ។
នេះ គឺជាលើកទីមួយហើយដែលករណីឆ្លងថ្មីនេះមានលើសពីកម្រិតកំណត់ ២ ០០០នាក់ ចាប់តាំងពីប្រទេសនេះបានរាយការណ៍ពីការផ្ទុះឡើងដំបូងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំមុន។
ករណីឆ្លងថ្មីប្រចាំថ្ងៃដែលភាគច្រើនបានផ្លាស់ប្តូរពី ៣០០នាក់ ទៅដល់ ៦០០នាក់នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ប៉ុន្តែវាបានកើនឡើងលើសពី ១ ០០០នាក់ជាលើកដំបូងកាលពីថ្ងៃទី៧ ខែកក្កដា ហើយបានលោតឡើងដល់បួនខ្ទង់ក្នុងរយៈពេលជាងមួយខែនេះ បើទោះបីជាមានវិធានការរឹតត្បិតសង្គមដ៏តឹងរ៉ឹងជាច្រើនសប្តាហ៍ក៏ដោយ។
តំបន់សេអ៊ូលទាំងមូល ដែលមានប្រជាជនរស់នៅស្មើនឹងពាក់កណ្តាលនៃប្រជាជនសរុបចំនួន ៥២លាននាក់របស់ប្រទេសនេះបានស្ថិតនៅក្រោមវិធានការរឹតត្បិតកម្រិតទី ៤ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងរយៈពេល ៥សប្តាហ៍ចុងក្រោយនេះ ខណៈដែលតំបន់ផ្សេងៗទៀតភាគច្រើនបានអនុវត្តវិធានការគម្លាតសង្គមត្រឹមកម្រិតទី ៣ ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះ។
វិធានការរឹតបន្តឹងកម្រិត ៤ ដែលជាការបិទខ្ទប់ពាក់កណ្តាលនោះ រួមមានការហាមឃាត់ការប្រមូលផ្តុំមនុស្សលើសពីពីរនាក់បន្ទាប់ពីម៉ោង ៦:០០ល្ងាច និងបម្រាមគោចរចាប់ពីម៉ោង ១០:០០យប់ទៅលើភោជនីយដ្ឋាន និងហាងកាហ្វេនានា៕
មតិយោបល់