ភ្នំពេញៈ នារីម្នាក់ ដែលគេស្គាល់ថាជាគ្រូបង្រៀននៅសាលាប៊ែលធី បានជិះម៉ូតូមួយគ្រឿង ជ្រុលទៅបុកពីក្រោយម៉ូតូធូដេ ជិះដោយក្មេងស្រីសិស្សសាលាជម្ជូវ័ន បណ្តាលឲ្យដួលរងរបួសសន្លប់ស្តូកខ្លួនឯង កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវវេងស្រេង កែងផ្លូវចូលភូមិព្រៃល្វា ត្រង់ចំណុចភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ។
នារីរងគ្រោះជាគ្រូបង្រៀននៅសាលាប៊ែលធី សាខាជ្រៃកោង ក្បែរនោះ បានជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CT-5270 ។ ចំណែក ក្មេងស្រីរងគ្រោះ ជាភាគីម្ខាងទៀត មានគ្នា២នាក់ ជាសិស្សសាលា ថ្នាក់ទី១១ វិទ្យាល័យ បណ្តុះបណ្តាលបច្ចេកទេស និងចំណេះទូទៅ ជម្ពូវ័ន មានទីលំនៅ ភូមិដំណាក់ធំ៣ សង្កត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រងរបួសស្រាល បែកចង្កា ជិះម៉ូតូ ម៉ាក ធូដេ ពណ៌ស្លែ គ្មានស្លាកលេខ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីសិស្សសាលា ជម្ពូវ័ន ជិះម៉ូតូឌុបគ្នា តាមបណ្តោយផ្លូវវេងស្រេង ពីកើតទៅលិច លុះដល់ចំណុចខាងលើ ស្រាប់តែអ្នកគ្រូ សាលាប៊ែលធី ជិះម៉ូតូ ស្កុបពី បោលយ៉ាងលឿន ពីកើតទៅលិចស្របទិសគ្នា ប្រញាប់ចូលបង្រៀន ដល់ចំណុចខាងលើ ប្រញាប់បត់ឆ្លងផ្លូវវឹង ទៅបុកគូទម៉ូតូធូដេ បណ្តាលឲ្យដួលសន្លប់ខ្លួនឯង ចំណែកក្មេងស្រីសិស្សសាលារងរបួសស្រាល ។
ក្រោយកើតហេតុ អ្នកគ្រូរងរបួស ត្រូវបានលោកគ្រូ អ្នកគ្រូ រួមសាលា ជួយលើកបីត្រកង ដឹកតាមម៉ូតូកង់បី ទៅគ្លីនិក ឡាំប៊ុនថន ដោយខ្លួនឯង ចំណែកក្មេងស្រីសិស្សសាលា របួសស្រាល ត្រូវបានសមត្ថកិច្ច ប្រជាពលរដ្ឋ ប្រាប់ឲ្យបន្តដំណើរជាមួយមិត្តភ័ក្រ ដើម្បីចូលសាលារៀន ។
ដោយឡែក ម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ៕
មតិយោបល់