កណ្ដាលៈ កាលពីវេលាម៉ោង ៤និង២០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ករណីប្រទះឃើញសាកសព នៅចំណុចភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ម៉ន ច័ន្ទថន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនី មានទីលំនៅ ភូមិថ្លុកព្រាល ឃុំព្រះនិពាន្ដ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ជនសង្ស័យឈ្មោះ ឌឿន ឌី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ។
សម្ភារៈបាត់បង់៖ ទូរសព្ទ័ដៃ ០១គ្រឿង ម៉ាក អូប៉ូ ។
សភាពរឿងហេតុ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ បានរាយការណ៍ថា មានសាកសពអណ្ដែតទឹកក្នុងរណ្ដៅដី ភូមិក្រូចសើច ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោយពីបានទទួលព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញស្រុកសហការ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ដ្រ បានចុះដល់កន្លែងកើតហេតុ ពិនិត្យសាកសព ការសន្និដ្ឋាន បឋមករណីនេះ ជាឃាតកម្ម ។
ផ្អែកតាមលទ្ធផល ការស្រាវជ្រាវ ស៊ើបអង្កេត និងការតស៊ូស្ដាប់ចម្លើយដោយមានការបញ្ជាផ្ទាល់ពី លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត បានសហការជាមួយ កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង ក្រោយពីបានប្រកាសរកអត្តសញ្ញាណ ជនរងគ្រោះ និងបានជួបជាមួយក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះរួចមក សមត្ថកិច្ចជំនាញបានឈានដល់ការកំណត់មុខសញ្ញាឈ្មោះ ឌឿន ឌី ភេទប្រុស ត្រូវជាគូស្នេហ៍ជនរងគ្រោះ ដែលទើបតែ
ស្គាល់គ្នាជិត ២ខែ និងធ្លាប់បានរួមភេទជាមួយគ្នាបាន ២លើក ។ ជនសង្ស័យបានសារភាពថា កន្លងមក នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៥និង០០នាទី ជនសង្ស័យ និងឈ្មោះ យឿន គន្ធា ភេទស្រី រស់នៅភូមិឃុំជាមួយគ្នា (ត្រូវជាប្អូនជីដូនមួយ)បានជិះ ម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HF-6858 ជាម៉ូតូរបស់ឈ្មោះ យឿន គន្ធា ជិះចេញពីផ្ទះទៅយកជនរងគ្រោះ នៅភូមិថ្លុកព្រាល ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីទៅហូបបង្អែមនៅផ្សារកំពង់កន្ទួត ពេលមកដល់ផ្សារកំពង់កន្ទួត ពុំបានហូបបង្អែមទេ ដោយសារមេឃចង់ភ្លៀង ក៏នាំគ្នាជិះម៉ូតូទៅកន្លែងកើតហេតុ ហើយឈ្មោះ យឿន គន្ធា បានជិះម៉ូតូត្រឡប់មកផ្ទះខ្លួនវិញបាត់ទៅ ដោយទុកជនរងគ្រោះ និងជនសង្ស័យ នៅជាមួយ គ្នា រហូតដល់វេលាម៉ោង ១២និង៤០នាទី ឈានចូល ថ្ងៃទី១០ ខែឆ្នាំដដែល ជនសង្ស័យ និង ជនរងគ្រោះ បានឈ្លោះប្រកែកគ្នាពីរឿងឲ្យជូនទៅផ្ទះ តែជនសង្ស័យមិនព្រមជូនទៅ ទើបជនរងគ្រោះទះកំផ្លៀងជនសង្ស័យ ៣ដៃចំមុខ និងជេរបញ្ចោរថែមទៀត ពេលនោះជនសង្ស័យខឹង និងចង់ដោះដៃផង ក៏យកឈើជ្រុងដែលនៅក្បែរកន្លែងកើតហេតុ មកវាយជនរងគ្រោះ ចំកញ្ចឹងកចំនួន ២ដំបង បណ្តាលឲ្យស្លាប់ ហើយជនសង្ស័យបានយកដុំថ្ម១ដុំ ប៉ុនភ្លៅមនុស្សចាស់ដាក់ចូលក្នុងអាវជនរងគ្រោះខាងក្រោយ រួច រុញទម្លាក់ចូលក្នុងទឹក រណ្តៅដីខ្សាច់លិចបាត់តែម្តង ។
បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធី។
ការសន្និដ្ឋាន៖ ករណីឃាតកម្ម នេះ ផ្ដើមឡើងដោយសារ ជនសង្ស័យ ចង់ដោះដៃ បែកចេញ ពីនារីជនរងគ្រោះ៕
មតិយោបល់