ព័ត៌មានជាតិ

​កូនប្រុសចិត្តអប្រិយ វាយម្តាយខ្លួនឯង ឥឡូវត្រូវជាប់ខ្នោះ…

កណ្តាលៈ ករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ២០១៨ នៅ​ភូមិស្វាយជួរ​ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

ជនសង្ស័យ​ឈ្មោះ យុន វិច្ឆ័យ ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ​។

​នៅមុនពេលកើតហេតុ ជនសង្ស័យ​កំពុងដេកមើលទូរទស្សន៍​ក្នុងផ្ទះ ក៏បានឮសូរម្ដាយវាជេរប្អូនរបស់ខ្លួន ឈ្មោះយុន ភ័ត្ដ្រា ហើយក៏ចេញមកមើលឃើញដូច្នេះ ឈ្មោះ យុន វិច្ឆ័យ ស្ទុះមករុញម្ដាយរបស់ខ្លួនខ្ទប់នឹងជញ្ជាំងផ្ទះ រួចដាល់១ដៃចំមាត់ ធាក់១ជើង រួចក៏យកដំបងឈើមូលទៅវាយទូរទស្សន៍ អោយបែកខូចខាតមួយចំនួនធំ ពេលនោះឈ្មោះគួយ វ៉ាន់ បានស្រែកឲ្យគេជួយ ឃើញដូច្នេះទើបឈ្មោះយុន វិច្ឆ័យ គេចខ្លួនពីផ្ទះ។ ចំណែកឈ្មោះគួយ វ៉ាន់ ជាម្ដាយ ក៏មកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលកោះខែល អោយជួយអន្ដរាគមន៍ ភ្លាមនោះប៉ុស្ដិ៍រដ្ឋបាល ក៏បានឃាត់ខ្លួនបានឈ្មោះយុន វិច្ឆ័យ រួមនឹងវត្ថុតាងបញ្ជូនមកប៉ុស្ដិ៍ធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្តតាមនីតិវីធី៕​

មតិយោបល់