កាលពីល្ងាចថ្ងៃទី១៥ ធ្នូ លោកនូ សុផេន ដែលត្រូវគេស្គាល់ថាជាអ្នកផលិតទម្រង់វប្បធម៍ប្រចាំទូរទស្សន៍អប្សរា និងជាអ្នកឌីហ្សាញឈុតបុរាណមួយរូប បានត្រលប់មកពីព្រឹត្តិការណ៍ Cambodian Week International ដែលបានធ្វើឡើងនៅក្នុងប្រទេសជប៉ុនវិញហើយ បន្ទាប់ពីលោកចំណាយពេលច្រើនថ្ងៃនៅជប៉ុន ដើម្បីរៀបចំទម្រង់របាំប្រជាប្រិយខ្មែរ និងបានទាំងតំឡើងរឿងទុំទាវ និយាយជាភាសាខ្មែរ ផ្សព្វផ្សាយទម្រង់វប្បធម៍ខ្មែរនៅទីនោះ។ លោកបង្ហាញពីលទ្ធផលជោគជ័យ ជាពិសេសក្នុងពេលដែលនិស្សិតបរទេស មកពីជាង៤០ប្រទេស ក៏បានចូលរួមសម្ដែងសិល្បៈខ្មែរ ដែលធ្វើឲ្យព្រឹត្តិការណ៍ Cambodian Week មានសិល្បៈរស់រវើកក្នុងពេលសម្ដែងជូនមហាជន។
លោក នូ សុផេន អនុប្រធាននាយកដ្ឋានផលិតកម្មប្រចាំទូរទស្សន៍អប្សរា បានថ្លែងបន្ទាប់ពីចុះពីលើយន្តហោះមកថា លោកទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការបង្ហាញជូននូវទម្រង់សិល្បៈច្រើនផ្នែក បន្ទាប់ពីនិស្សិតខ្មែរទទួលអាហារូបករណ៍ នៅក្នុងប្រទេសជប៉ុនមួយក្រុម បានធានាឲ្យលោកចេញទៅរៀបចំទម្រង់វប្បធម៌ ដើម្បីបង្កើតជាព្រឹត្តិការណ៍ Cambodian Week ប្រចាំឆ្នាំ ស្របគ្នានឹងប្រទេសមួយចំនួន ដែលមាននិស្សិតសិក្សានៅក្នុងប្រទេសជប៉ុនដូចគ្នា ក៏បានរៀបចំជាទម្រង់វប្បធម៌ បង្អួតភ្នែកអ្នកចូលរួមខ្លាំងជាងកម្ពុជាភាគច្រើន។ យ៉ាងណាមិញ លោកថាភាពលេចធ្លោមិនលើសពីក្រុមកម្ពុជានោះទេ បើទោះជាទម្រង់សិល្បៈរបស់ខ្មែរ ទាំងរបាំច្រើនប្រភេទ និងការសម្ដែងរឿងទុំទាវ ជាភាសាអង់គ្លេស ដែលបានធ្វើឡើង សម្ដែងដោយនិស្សិតខ្មែរតែ៨រូប។ លោកថានិស្សិតបរទេសរហូតដល់៤៩នាក់ បានចូលរួមសម្ដែងរបាំ និងសម្ដែងរឿងទុំទាវ ជួយដល់ក្រុមខ្មែរទើបធ្វើឲ្យកម្មវិធីទាំងមូល ទទួលបានភាពជោគជ័យ ហើយមិនចាញ់ក្រុមសិល្បករថៃ វៀតណាម និងម៉ាឡេជាដើម ដែលគេយកសិល្បករជំនាញៗ ពីប្រទេសគេផ្ទាល់ យកទៅបង្ហាញនោះទេ។
លោក នូ សុផេន ពន្យល់ថា ទោះជាអ្នកសម្ដែងនៅព្រឹត្តិការណ៍នោះ មិនមែនជាតារាអាជីព ហើយសុទ្ធតែជានិស្សិតទទួលបាន អាហារូបករណ៍នៅក្នុងប្រទេសជប៉ុន តែនិស្សិតទាំងនោះ មិនសូវមានភាពខុសឆ្គង ក្នុងការសម្ដែងនោះទេ ដោយសារតែមុនចេញសម្ដែង៤ខែ លោកបានផ្ញើជូននូវវីដេអូឯកសារ ដើម្បីឲ្យនិស្សិតខ្មែរ និងនិស្សិតបរទេសដែលជួយសម្ដែងហ្វឹកហាត់យ៉ាងស្ទាត់មកហើយ ដោយលោកក៏បានដើរតួកែក្បាច់ និងកែកាយវិកា តាមរយៈវីដេអូផ្ញើទៅផ្ញើមក ទើបធ្វើឲ្យនិស្សិតទាំងនោះ នៅពេលការសម្ដែងលេចឡើងគឺមិនមានបញ្ហា។ លោកថាក្រោយការបង្ហាញឲ្យឃើញពីវប្បធម៌របស់ខ្មែរ មានជនបរទេសច្រើនឡើង បានស្គាល់ពីខ្មែរ ខណៈដែលក្នុងពេលមុនគេដឹងត្រឹមតែថា ខ្មែរមានអង្គរវត្ត តែមិនសូវដឹងច្រើនរឿងខ្មែរមានរបាំយ៉ាងមិច នឹងមានសាច់រឿងទុំទាវដ៏ជក់ចិត្តដល់ម្លឹងឡើយ៕
មតិយោបល់