ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តបែនដឹកថ្ម បើកបុក រួចកិន ស្រ្តីម្នាក់ កំពុងជិះកង់ បណ្ដាលឲ្យស្លាប់ភ្លាមៗ

កំពង់ស្ពឺ: កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បើកបុកកង់ រួចកិនស្ត្រីម្នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅលើផ្លូវកៅស៊ូ ក្រុមហ៊ុន អ៊ុត ធី ត្រង់ចំណុចភូមិដំដែក ឃុំព្រៃញាតិ ស្រុកគងពិសី។

រថយន្តបង្កម៉ាក ហ៊ីណូ ក្បាលពណ៌ស លាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ3A-6816 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចបាត់ ក្រោយពេលកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តខាងលើ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកកង់ជិះដោយស្ត្រីម្នាក់ ឈ្មោះ ហ៊ីង ណាប់ ភេទស្រី អាយុ ៥៨ រស់នៅភូមិដំដែក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលកំពុងធ្វើដំណើរពីមុខ មានទិសដៅស្របគ្នា បណ្ដាលឲ្យកិនអ្នកជិះកង់ កំប៉ែតខ្លួនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងយកវត្ថុតាង រថយន្តបង្ក និងកង់យកមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីរងចាំដោះស្រាយពេលក្រោយ រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់