ឧត្តរមានជ័យៈ ស្ពានឈើមួយកន្លែង ផ្លូវចូលវត្តបូរីប្រាសាទជ័យ ក៏ដូចជាផ្លូវឆ្លងកាត់ ភូមិប្រជាពលរដ្ឋក្នុងទីរួមស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានសាងសង់ឡើងវិញ បន្ទាប់ពីទឹកភ្លៀងជន់ហូរបុកផ្ដាច់នាពេលថ្មីៗនេះ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា នៅក្នុងខែមិថុនា ឆ្នាំ២០១៦ ទឹកភ្លៀងបានធ្លាក់ជាបន្តបន្ទាប់ បានបង្កឲ្យទឹកភ្លៀងជន់ហូរបុកផ្តាច់ស្ពានឈើខាងលើ ត្រូវបានប្រជាពលរដ្ឋក្នុងស្រុកចូលរួមជា (ថវិកា) រួមទាំង (ថវិកា) ព្រះសង្ឃ បានសាងសង់ស្ពានឈើមួយកន្លែងនេះឡើងវិញ ដែលមានប្រវែងទទឹង៤ម៉ែត្រ បណ្តោយ១០ម៉ែត្រ។
ព្រះសង្ឃគង់ក្នុងវត្តបូរីប្រាសាទជ័យមានសង្ឃដីកាថា វត្តបូរីប្រាសាទជ័យ ស្ថិតនៅក្នុងទីរួមស្រុកត្រពាំងប្រាសាទ មានព្រះសង្ឃគង់នៅជាច្រើនអង្គ ប៉ុន្តែសូម្បីតែបច្ច័យកសាងស្ពានថ្មមួយ ក៏មិនបាន ហើយស្ពានឈើមួយកន្លែងនេះ ព្រះសង្ឃបានកសាងជាយូរឆ្នាំមកហើយ និងបានទ្រុតទ្រោមទៅវិញ ខណៈមានទឹកភ្លៀងធ្លាក់បន្តបន្ទាប់ត្រូវទឹកជន់ហូរបុកផ្តាច់តែម្តង។
ព្រះសង្ឃបន្តថា នាពេលដ៏ខ្លីខាងមុខ ព្រះសង្ឃនឹងចូលកាន់ព្រះវស្សាត្រូវបានពុទ្ធបរិស័ទ ចូលធ្វើបុណ្យព្រះវស្សាដោយធ្វើដំណើរមិនបាន ទើបពុទ្ធបរិស័ទ បានចូលរួមជាបច្ច័យមួយចំនួន ដើម្បីសាងសង់ស្ពានឈើនេះជាបណ្ដោះអាសន្ន។ ព្រះសង្ឃសុំអំពាវនាវដល់ពុទ្ធបរិស័ទ ជាបន្ត ដែលរស់នៅទីជិតទីឆ្ងាយ ព្រមទាំង លោកឧកញ៉ា លោកជំទាវ លោក លោកស្រីមេត្តា ជួយឧបត្ថម្ភជា(ថវិកា)សម្រាប់សាងសង់ស្ពានឈើនេះប្រែក្លាយទៅជាស្ពានថ្មផងចុះ៕
មតិយោបល់