ព័ត៌មានជាតិ

សណ្ឋាគារកុលាបស ជីកដីដាក់ស្លាកសណ្ឋាគារ ប៉ះកាបបណ្តាញតង់ស្យុងក្រោមដីដាច់ចរន្តអគ្គិសនី៣ខណ្ឌ

ភ្នំពេញៈ យោងតាមផេក អគ្គិសនីកម្ពុជា បានឲ្យដឹងថា មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F2A) មូលហេតុដោយសារសណ្ឋាគារកុលាបស បានជីកដីដាក់ស្លាកសណ្ឋាគារ ប៉ះកាបបណ្តាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១)ផ្លូវព្រះមុនីវង្ស ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី២ និងទី៣ ខណ្ឌចំការមន (២)ផ្លូវលេខ២៥០ សង្កាត់បឹងព្រលិត (៣)ផ្លូវលេខ១៦១ សង្កាត់អូរឫស្សីទី២ (៤)ផ្លូវលេខ១៦៤ សង្កាត់វាលវង់ ខណ្ឌ៧មករា និងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រុមការងារបច្ចេកទេសបានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១និង៥៥នាទីរសៀល។

ក្នុងនោះដែរ អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕

មតិយោបល់