ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងសាខាកាំកុងត្រូលរាជធានីភ្នំពេញ ដោយមានការសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារដើមគរ បានបន្តចុះត្រួតពិនិត្យ ស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយលើទីផ្សារ។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើផលិតផលគំរូម្ហូបអាហារមួយចំនួន ដូចជា៖បន្លែគ្រប់មុខ សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក ជ្រក់ត្រសក់ មឹក បង្គា ត្រីងៀត ត្រីបង្ហើម សាច់ក្រក -ល- ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញភាពមិនប្រក្រតីនៅលើគំរូ បង្គា មានចាក់បន្ថែមចាហួយប្រមាណ ១៨ គីឡូក្រាម និងជីរណា ដែលមានកាកសំណល់ថ្នាំពុលកសិកម្ម ប្រមាណ ១៨ គីឡូក្រាម ត្រូវបានមន្ត្រីជំនាញធ្វើកំណត់ហេតុដកហូត និងយកទៅកម្ទេចចោលភ្លាមៗ។
ក្នុងឱកាសនោះដែរ មន្ត្រីសាខាកាំកុងត្រូលបានណែនាំ និងអប់រំដល់អាជីវករ ឱ្យយល់ដឹងអំពីអនាម័យនៃការដាក់លក់ចំណីអាហារ ជៀសវាងធ្វើឱ្យផលិតផលខូចគុណភាព មានចម្លងមេរោគ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ៕
មតិយោបល់