ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យស្ថានីយ/ដេប៉ូចែកចាយ ចំនួន ០២ ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូ ទាំង ០២ ផងដែរ។
ក្នុងការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញ៖
ស្ថានីយ/ដេប៉ូ TELA ឈូករ័ត្ន ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានលក់ប្រេងមិនមានអនុលោមភាពផែ្នក បរិមាណ (មិនគ្រប់លីត្រ) និងលក់តម្លៃលើសការកំណត់ក្នុងប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។ គួរបញ្ជាក់ផងដែរថា ស្ថានីយ/ដេប៉ូ TELA ខាងលើដែលមន្ត្រីជំនាញរកឃើញមិនប្រក្រតីនោះ បានបិទអាជីវកម្ម ចែកចាយដោយខ្លួនឯងជាបណ្តោះអាសន្ន រហូតដល់មានការកែសម្រួលត្រឹមត្រូវឡើងវិញ ។
ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមជាបន្ទាន់ ។ បើមិនអនុវត្តតាមការណែនាំ នៅពេលមន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី ២ ម្ចាស់ដេប៉ូ នឹងរងនូវការចោទប្រកាន់ទៅតុលាការ៕
មតិយោបល់