ព័ត៌មានជាតិ

Update: កម្លាំងចម្រុះប្រទះឃើញសត្វខ្ទីងជាប់អន្ទាក់ព្រានងាប់ លើភ្នំរមៀត

បាត់ដំបង: សត្វខ្ទីងដែលជាប្រភេទសត្វកម្រ ត្រូវ បានកម្លាំងចម្រុះ ដែលធ្វើការដើរល្បាតតាមជួរភ្នំ ប្រទះឃើញដេកស្លាប់ទាំងមេ ទាំងកូន ដោយសារតែជើងរបស់វាត្រូវជាប់អន្ទាក់របស់ព្រានព្រៃ។

ការប្រទះឃើញនេះ គឺនៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចក្បែអូរស្លេវ លើជួរភ្នំរមៀត ស្ថិតក្នុងភូមិក្រចាប់លើ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ខណ:ដែលកម្លាំងចម្រុះក្នុងនោះមាន អង្គការការពារបរិស្ថាន ( MJP ) មន្ត្រីឧទ្យានុរក្សសំឡូត ប៉ៃលិន កម្លាំងវរ:ការពារព្រំដែនគោកបាត់ដំបង ប៉ៃលិន បានចុះប្រតិបត្តិការល្បាតតាមព្រំដែន និងតាមតំបន់ជួរភ្នំដើម្បីពិនិត្យលើបទល្មើសផ្សេងៗ។

លោក ប៊ូ ស៊ីណា ប្រធានអង្គការ ( MJP ) បានមានប្រសាសន៍ថា នៅពេលដែល កម្លាំងកំពុងធ្វើការល្បាតតាមដងព្រៃ ក៏បានប្រទះឃើញសត្វខ្ទីងចំនួន២ក្បាល គឺមេ និងកូន ត្រូវបានជាប់និងអន្ទាក់ខ្សែកាបរបស់ព្រានព្រៃ ហើយក៏ទំនងជាអាចជាប់មកក្នុងរយ:ពេល២ថ្ងៃមកហើយ ព្រោះស្ថានភាពនៃការរើបម្រះ គឺមានភាពទន់ខ្សោយណាស់ទៅហើយ។

លោកបានបន្តទៀតថា នៅពេលនោះដែរលោកបានរាយការណ៍ទៅមន្ត្រីផ្នែកសង្គ្រោះ សត្វព្រៃនៅទីក្រុងភ្នំពេញ ដើម្បីចុះត្រួតពិនិត្យបញ្ហានេះជាបន្ទាន់ ព្រមទាំងបានដាក់ កម្លាំងឲ្យលាក់ខ្លួន ដើម្បីឃ្លាំមើលក្រែងលោព្រានព្រៃដែលជាអ្នកដាក់ពង្រាយ អន្ទាក់នេះឡើងមកយកសត្វខ្ទីងនេះ គឺត្រូវតែឃាត់ខ្លួនតែម្តង។ ប៉ុន្តែនៅពេលដែលកម្លាំងផ្នែកសង្គ្រោះសត្វព្រៃរៀបចំចេញដំណើរ គឺសត្វខ្ទីងដ៏កម្រនេះ បានងាប់ទាំងមេ ទាំងកូនបាត់ទៅហើយ ដូច្នេះហើយទើបលោកសម្រេចដុតចោលនៅនឹងកន្លែងតែម្តង ព្រោះយើងមិនអាចនាំយកចុះមកពីលើភ្នំ ដើម្បីយកមកធ្វើជាអាហារបានទេវាអាចខុសនឹងច្បាប់៕

មតិយោបល់