ព័ត៌មានជាតិ

ចុមឡើងខ្ទេច! រថយន្តម៉ាស្តារ ស្លាកលេខ ភ្នំពេញ 2AM-6717 បត់ចូលផ្សារទំនើបស៊ុព័រស្ទ័រ ត្រូវម៉ូតូបុកពេញទំហឹង ខ្ទេចក្បាលខាងមុខ

ភ្នំពេញ: បុរសម្នាក់រងរបួសយ៉ាងដំណំ ខណ:ដែលជិះម៉ូតូដឹកកាដុងប្រេង ទៅបុកជាមួយរថយន្តបត់ចូលផ្សារទំនើប។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខផ្សារទំនើបស៊ុបព័រស្ទ័រ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អ្នករងរបួសមិនបានប្រាប់ពីអត្តសញ្ញាណភ្លាមៗទេ ហើយត្រូវបានបងប្អូនដឹកតាមម៉ូតូទៅសង្គ្រោះនៅក្បែរកន្លែងកើតហេតុ។

ប្រភពបានឲ្យដឹងថាមុនកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ម៉ាស្តារ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-6717 លក្ខណ:គ្រួសារដោយបើកមកក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចខាងលើ រថយន្តបានព្យាយាមបត់ឆ្វេងចូលផ្សារទំនើបស៊ុព័រស្ទ័រ ក៏ជ្រុលទៅបុកម៉ូតូសង់កូរ៉េដឹកសំបកកាដុងប្រេង ដែលបើកមកពីលិចទៅកើតក្នុងទិសដៅបញ្ច្រាសគ្នាហើយបុកពេញទំហឹងបណ្តាលឲ្យខ្ទាតម៉ូតូអ្នកបើករងរបួសយ៉ាងដំណំ។ ចំណែករថយន្តខ្ទេចផ្នែកខាងមុខតែម្តង។

ក្រោយហេតុការណ៍កើតឡើងអ្នកបើកម៉ូតូត្រូវបានបងប្អូនដឹកតាមម៉ូតូទៅសង្គ្រោះនៅក្បែរកន្លែងកើតហេតុដោយទុកតំណាងធ្វើការចរចារជាមួយភាគីម្ចាស់រថយន្ត។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះក្រោយភាគីសងខាងធ្វើការចរចារគ្នាមួយសន្ទុះធំ ចុងក្រោយភាគីសងខាងបានឯកភាពគ្នាទៅរៀងៗខ្លួនដោយគ្មានអ្នកណាសងអ្នកណាបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕

មតិយោបល់