បន្ទាយមានជ័យៈ យោងតាមអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយទទួលបានការចូលរួមសហការពិ មន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ ដើម្បីរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ នៅក្នុងផ្សារអូរស្ងួត និងតាមបណ្តាផ្ទះលក់ទំនិញជុំវិញផ្សារ ស្ថិតក្នុងភូមិបន្ទាយនាង ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មានចំនួន៣ប្រភេទ ស្នើនឹង ៧៥ គីឡូក្រាម មានដូចជា៖ មីកម្ទេចកញ្ចប់ ទឹកក្រូច និងទឹកដោះគោខាប់។ ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ រក្សាទុកដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។
ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕
មតិយោបល់