ភ្នំពេញៈ កាលពីវេលាម៉ោង២និង៣០នាទីយប់ រំលងអធ្រាត្រ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគីឡូម៉ែត្រលេខ៦ បានឃាត់ខ្លួនជនបង្កចំនួន៤នាក់ ដែលបានកាប់ និងគុបលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ត្រង់ចំណុចលើផ្លូវជាតិលេខ៥ ក្រុមទី២ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនបង្កទាំង៤នាក់ ទី១ឈ្មោះ នាង ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ២០០Ri ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦(គ្មានសារធាតុញៀន)។ ទី២ឈ្មោះ ម៉ុន សេងហុក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងរថយន្ត ស្នាក់នៅផ្លូវលេខ១៩៧ ខណ្ឌចំការមន រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។ ទី៣ឈ្មោះ ស៊ុន សិលា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៥ ក្រុម៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(អ្នកកាប់ជនរងគ្រោះ គ្មានសារធាតុញៀន)។ និងទី៤ឈ្មោះ សួន ណាស្រី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវលំ ក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(អ្នកកាប់ជនរងគ្រោះ គ្មានសារធាតុញៀ)។ ចំណែកជនរងគ្រោះឈ្មោះ ង៉ែត វុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ០៦៧៨ ផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(រងរបួសធ្ងន់)។
សម្ភារៈ និងវត្ថុតាងដកហូត រួមមាន៖ កាំបិតបុ័ងតោចំនួន២ដើម,ដុំថ្មចំនួន២ដុំ និងម៉ូតូមួយគ្រឿងម៉ាក និច ពណ៌លឿង ស្លាកលេខ ភ្នំពេញ 1CE-8857។
នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូដឹកក្មួយ ដោយធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុពីត្បូងទៅជើង បន្ទាប់មកក្រុមជនបង្ក បានឃើញស្មានតែចាប់បក្ខពួករបស់គេ ក៏បានជិះម៉ូតូដេញស្ទាក់វាយ និងកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ត្រង់ភ្លៅខាងឆ្វេង កំភួនជើងខាងស្តាំ កំភួនដៃខាងឆ្វេង និងដាច់ត្រង់គូតមួយកាំបិត។
បច្ចុប្បន្ន ជនរងគ្រោះបានសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្តេចឪ គីឡូម៉ែត្រលេខ៦ ចំណែកឯជនបង្កទាំង ៤នាក់ រួមទាំងសម្ភារៈវត្ថុតាង បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់