បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីមនុស្សឃាតដោយអចេតនា បង្កដោយបុរសម្នាក់ដើរទាក់នឹងខ្សែរលួសមានចរន្តអគ្គិសនី ដែលគេរាយសម្រាប់ឆក់សត្វ បណ្ដាលឲ្យឆក់ស្លាប់បាត់បង់ជីវិត ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០១និង០០នាទីរំលងអធ្រាត្រ នៅចំណុចភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានអោយដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ គុណ ឃួន ភេទប្រុស អាយុ៥៨ឆ្នាំ (ត្រូវជាឪពុក) និង២.ឈ្មោះ ឃួន ចំណាប់ ភេទប្រុស អាយុ២៩ឆ្នាំ (ត្រូវជាកូន) អ្នកទាំងពីររស់នៅភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ។ ចំណែកជនរងគ្រោះឈ្មោះ ឡើយ លួយ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ។
ក្រោយសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ បានសាភាពថា ពួកខ្លួនពីរនាក់ឪពុកនិងកូនពិតជាបានរាយខ្សែរលួសដែលមានភ្ជាប់ចរន្តអគ្គិសនីដើម្បីឆក់សត្វ (សត្វកណ្ដុរ) នៅចំណុចកើតហេតុខាងលើពិតប្រាកដមែន តែបែរជាត្រូវជនរងគ្រោះដើរឆ្លងកាត់បណ្តាលអោយឆក់ស្លាប់ទៅវិញ ។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ។ ដោយឡែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់