ព័ត៌មានជាតិ

រថយន្តនីសាន់ ចង្កូតស្តាំស៊េរីទំនើប១គ្រឿង គ្មានពន្ធ ពាក់ស្លាកលេខក្លែងបន្លំមន្ត្រីគយ និងរដ្ឋាករឃាត់នៅក្នុងប៉ោយប៉ែត

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោក សាំង ណន អនុប្រធានស្នាក់ការគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ ដោយមានការណែនាំពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករដូចជាដាក់វិធានការពីលោក ឆែរ សុធា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់រថយន្តចង្កូតស្តាំដែលឈ្មួញនាំចូលគេចពន្ធពីប្រទេសជិតខាងដោយល្មើសច្បាប់។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅក្រុងប៉ោយប៉ែតមន្ត្រីគយនិងរដ្ឋាករបានឃាត់រថយន្តចង្កូតស្តាំស៊េរីទំនើប១គ្រឿង ធុននីសាន់ ស៊េរីឆ្នាំ២០១៦ ។

លោកបានបញ្ជាក់ថា៖ ក្រោយដាក់វិធានការលោកបានដឹកនាំមន្ត្រីគយ និងរដ្ឋាករបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់រថយន្តធុននីសាន់ ពណ៌ស ១បាំងកន្លះ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ចង្កូតស្តាំ KPC-2431 ជាស្លាកលេខក្លែងបន្លំ ដែលជាស្លាកលេខរបស់រថយន្តនីសាន់ ពណ៌ប្រផេះ ស៊េរីឆ្នាំ២០០៥ ជារថយន្តដឹកទំនិញធុនតូច ដែលមានម៉ាស៊ីន YDD25DDT លេខសាក់ស៊ី MNTNCG40Z0600077 កម្លាំង21HP។

លោក សាំង ណន បានបញ្ជាក់ថា៖ ក្រោយពេលឃាត់រថយន្ត១គ្រឿងធុននីសាន់ឆ្នាំ២០១៦ ពាក់ស្លាកលេខក្លែងបន្លំខុសច្បាប់ជារថយន្តចង្កូតស្តាំគេចពន្ធ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់។

ទាក់ទិននឹងការបង្ក្រាបរថយន្តចង្កូតស្តាំនេះ ម្ចាស់រថយន្តបានបញ្ជាក់នៅមុខសមត្ថកិច្ចថា រថយន្តនេះគាត់បានទិញពីគេដែលមានស្លាកលេខរថយន្តចង្កូតស្តាំនិងកាតគ្រីរថយន្ត ដើម្បីទុកប្រើប្រាស់តែមិនបានដឹងថារថយន្តនេះខុសច្បាប់នោះទេ បើមន្ត្រីជំនាញឃាត់ហើយពិនិត្យឃើញថារថយន្តខុសច្បាប់លោកក៏មិនជជែកដែរ ព្រោះរថយន្តនេះត្រូវបានទិញក្នុងស្រុកពីឈ្នួញមិនបានទិញតាមព្រំដែននោះទេ៕

មតិយោបល់