ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចាងហ្វាងកាសែត វាលឥន្ទ្រី ត្រូវតុលាការបង្គាប់ឱ្យឃុំខ្លួនតាមអំណាចសាលក្រមរឿងឆបោកលុយ ៤ម៉ឺនដុល្លារ

(ភ្នំពេញ)៖ លោក ជុង ហៃយ៉េន ចាងហ្វាងកាសែត វាលឥន្ទ្រី នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ ត្រូវបានលោកស្រី ពេជ្រ ម៉ារ៉ែន ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឱ្យឃុំខ្លួនតាមអំណាចសាលក្រមស្ថាពររបស់លោកស្រីដែលបានចេញកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅ។
សាលក្រមបានសម្រេចផ្តន្ទាទោសឈ្មោះ ជុង ហៃយ៉េន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរចាងហ្វាងកាសែតវាលឥន្ទ្រី ទីលំនៅផ្ទះ១៤៧EO ផ្លូវលេខ១៥ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ និង៦ខែ និងតម្រូវឱ្យជនជាប់ចោទសងទៅដើមបណ្តឹងចំនួន៤ម៉ឺនដុល្លារ និងសំណងជំងឺចិត្តចំនួន ១០លានរៀល ក្រោមបទចោទប្រកាន់ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១១ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ដើមបណ្តឹងនៃសំណុំរឿងនេះមានឈ្មោះ សេង ហេង ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិសំរោង ឃុំសំរោង ស្រុកសំរោង ខេត្តឧត្តរមានជ័យ។ 
គួររំឮកថា ដើមចមនៃសំណុំរឿងនេះគឺផ្តើមចេញពីរត់ការ ដែលមានឈ្មោះ សេង ហេង ជាដើមបណ្តឹង បានពឹងពាក់ឈ្មោះ ជុង ហៃយ៉េន ជាជនជាប់ចោទឱ្យរត់ការច្បាប់សុំធ្វើអាជីវកម្ម ធ្វើស្លាកផ្ទះ ធ្វើស្លាកយីហោ និងធ្វើស្លាកចរាចរណ៍ ក្នុងទឹកប្រាក់ ៤ម៉ឺនដុល្លារ។ ក្រោយមកដោយសារតែជនជាប់ចោទមិនបានរត់ការដូចសន្យានោះទេទើប ដើមបណ្តឹងបានប្តឹងមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣។
សំណុំរឿងនេះត្រូវបានលោកស្រី ពេជ្រ ម៉ារ៉ែន ចៅក្រមជំនុំជម្រះបានបើកសនវាការជំនុំជម្រះជាសាធារណៈកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ និងប្រកាសនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ កំបាំងមុខជនជាប់ចោទ និងដើមបណ្តឹងរដ្ឋប្បវេណី។ ចៅក្រមជំនុំជម្រះបានចេញដីកាតាមចាប់ខ្លួនជនជាប់ចោទថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ រហូតសមត្ថកិច្ចឃាត់ខ្លួនជនជាប់ចោទបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ និងបញ្ជូនមកតុលាការនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦៕ 

   
    
 

មតិយោបល់