អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រ តាមបណ្ដាញសង្គម Twitter ថា «ពួកអ្នកប្រជាធិបតេយ្យ ជាអ្នកសម្រេចបិទរដ្ឋាភិបាល!»។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨។
លោក ត្រាំ លើកទ្បើងយ៉ាងដូច្នេះ ក្រោយនិយាយថា លោកនឹងទទួលខុសត្រូវ ចំពោះការបិទរដ្ឋាភិបាលមួយផ្នែក ប្រសិនបើសភាមិនបានអនុម័តច្បាប់ ដែលជាការស្នើដោយលោក ក្នុងនោះរួមបញ្ចូលទាំងប្រាក់៥ពាន់លានដុល្លារ សម្រាប់ធ្វើជញ្ជាំងព្រំដែនផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ សភាតំណាងរាស្ដ្រគណបក្សសាធារណរដ្ឋ បានអនុម័តច្បាប់គម្រោងចំណាយបណ្តោះអាសន្ន ដែលរួមមានថវិកា សម្រាប់ធ្វើជញ្ជាំងតាមសំណើលោកប្រធានាធិបតី។
លោក ត្រាំ បាននិយាយតាម Twitter កាលពីថ្ងៃសុក្រថា៖ «បើសិនជាគណបក្សប្រជាធិបតេយ្យ បោះឆ្នោតបដិសេធ នោះនឹងមានការបិទរដ្ឋាភិបាល រយៈពេលយូរ»។
ពាក់ព័ន្ធនឹងបញ្ហានេះ នៅឯសេតវិមាន លោក ត្រាំ បានបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ក្នុងរយៈពេល១១ម៉ោងរបស់លោក ដើម្បីបន្ទោសការបិទរដ្ឋាភិបាល ទៅលើសមាជិកសភាគណបក្សប្រជាធិបតេយ្យ ដោយលោកនិយាយថា៖ «យើងនឹងធ្វើការយ៉ាងលំបាក ដើម្បីឲ្យមានការអនុម័តនៅព្រឹទ្ធសភា។
យ៉ាងណាមិញ លោកបញ្ជាក់ថា តាមមើលទៅ មិនអាចទទួលបានការអនុម័តទ្បើយ បើអ៊ីចឹងមែននោះ ពិតណាស់ថា គណបក្សប្រជាធិបតេយ្យ ជាអ្នកសម្រេចបិទរដ្ឋាភិបាល»៕
មតិយោបល់