កំពង់ឆ្នាំងៈ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ មានប្រជាពលរដ្ឋមករាយការណ៍ ថាមានករណីក្មេង គប់កញ្ចក់រថយន្តតាមដងផ្លូវសាធារណៈនៅចំណុចមុខផ្សារថ្នល់ទទឹង ភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ស្ពឺ។
ភ្លាមៗនោះ លោកវរសេនីយ៍ទោ នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានបញ្ជាកម្លាំងជំនាញ និងប៉ុស្តិ៍រដ្ឋបាលតាជេស ចុះទៅដល់ កន្លែងកើតហេតុ និង បានឃាត់ខ្លួន ជនសង្ស័យ ជាក្មេងប្រុសសិស្សសាលាចំនួន៩នាក់(ជាអនីតិជន) នៅវេលាម៉ោង២០:៣០នាទី និងបាននាំក្មេងប្រុសទាំងនោះ មកអធិការដ្ឋាន ដើម្បីសាកសួរ និងបានធ្វើតេស្តរកសារធាតុញៀន និងគ្រឿងស្រវឹង ជាលទ្ធផល គឺ ពុំមានទេ។ ក្រោយពេលសាកសួរក្មេងទាំង៩នាក់ បានសារភាពថា ខ្លួនពិតជាបាន គប់កញ្ចក់រថយន្ត ពិតប្រាកដមែន។
មកដល់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៨ ដោយមានការធានាពីអាណាព្យាបាល លោកមេភូមិ និង មានការអនុញ្ញាតពី លោក ឧត្តសេនីយ៍ទោ ឡុច វណ្ណារ៉ា ស្នងការ និង លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចបានធ្វើការអប់រំ ចុះកិច្ចសន្យា និង អនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនអស់ហើយ៕
មតិយោបល់