ភ្នំពេញៈ កម្លាំងសមត្ថកិច្ចកំពុងរុករកជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាព ឆក់កាបូប បានសម្រេច ពីស្រ្តីម្នាក់ជាប៉ូលិសអន្តោប្រវេសន៍ កាលពីវេលាម៉ោងប្រមាណ១១និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅលើបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្រ្តីរងគ្រោះមានឈ្មោះ ដួង រស្មី មានមុខរបរជានគរបាលអន្តោរប្រវេសន៍ ជាម្ចាស់កាបូប ដែលមានទ្រព្យសម្បត្តិក្នុងនោះរួមមាន លុយជាង១ពាន់ដុល្លារ ទូរសព្ទ២គ្រឿង(បាត់បង់) និងឯកសារមួយចំនួន ។
ស្រ្តីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ជាមួយនិងស្វាមី ទើបត្រឡប់ មកពីប្រទេសថៃ រួចធ្វើដំណើរដោយថ្មើរជើងចេញពីព្រលានយន្តហោះ សម្តៅមក នាយកដ្ឋានអន្តោប្រវេសន៍ ព្រោះរថយន្តចតនៅទីនោះ ។ ស្របពេលកំពុងដើរឆ្លងថ្នល់ ជិតដល់មុខនាយកដ្ឋាននោះ ក៏ស្រាប់មានជនសង្ស័យ ម្នាក់ជិះម៉ូតូមកឆក់កាបូប របស់គាត់បានសម្រេច បណ្តាលឲ្យគាត់រលាត់ដៃបន្តិចបន្តួច ។ ភ្លាមៗនោះ គាត់និងស្វាមីបានស្រែកចោរៗ ក៏ភ្ញាក់ផ្អើលដល់បងប្អូនដែលរត់ម៉ូតូក្បែរនោះ នាំគ្នាដេញតាមពីក្រោយ ។
ប្រភពពីអ្នករត់ម៉ូតូឌុបដែលដេញចោរបាននិយាយថា ពួកគាត់បានដេញតាមពីក្រោយ តែមិនទាន់នោះទេ ព្រោះបាត់ដាន ។ រហូតមកដល់មុខវត្តតាំងកសាងខាងត្បូង ពួកគាត់ ក្រឡេកឃើញជនសង្ស័យឈប់ម៉ូតូ នៅក្បែរស្រះទឹក ក៏នាំគ្នាចូលបម្រុងចាប់ ប៉ុន្តែជនសង្ស័យ បានបោះកាបូបចោល និងផ្តួលម៉ូតូម៉ាកនិច ពណ៌ខ្មៅ គ្មានស្លាកលេខ រត់ចូលព្រៃ ស្រះខាងក្រោយតែម្តង ។ បន្ទាប់មកក៏សមត្ថកិច្ចមកដល់ រួមជាមួយស្រ្តីរងគ្រោះ បានរកឃើញលុយជាង១ពាន់ដុល្លារ និងឯកសារក្នុង កាបូប តែបាត់តែទូរសព្ទ២គ្រឿង ម៉ាកIphone7Plus ចំនួន១គ្រឿង និងIphone7 ធម្មតា១គ្រឿង ដែលជនសង្ស័យកាន់រត់យកទៅ ។
ក្រោយកម្លាំងសមត្ថកិច្ចរុករកអស់ជិត២ម៉ោង តែរកជនសង្ស័យពុំឃើញប្រហែលរត់បាត់ ព្រោះមានផ្លូវនិងប្រឡោះជាច្រើនដែលអាចគេចខ្លួនបាន ទើបសមត្ថកិច្ចសម្រេចដកកម្លាំងមួយចំនួន និងមួយចំនួនឃ្លាំមើលក្រែងបានឃើញជនសង្ស័យ ៕
មតិយោបល់