បាត់ដំបងៈ លោកអធិការស្រុកភ្នំព្រឹក បានប្រាប់Post Newsថា ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង ខណៈដែល២នាក់ប្តីប្រពន្ធ បាននាំគ្នាទៅដុតគល់ឈើក្នុងចំការដើម្បីយកសត្វព្រួត ស្រាប់តែចំគ្រាប់ត្បាល់៦០ បណ្តាលឲ្យផ្ទុះស្លាប់ទាំង២នាក់ប្តីប្រពន្ធយ៉ាងរន្ធត់ ដោយប្តីស្លាប់នៅនឹងកន្លែង រីឯប្រពន្ធស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ
ករណីនេះកើតឡើងនៅម៉ោង១និង៣០នាទី រសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចបឹងអន្ទង់ ក្នុងចំការរបស់ឈ្មោះ ហៀង រ៉េត ភេទស្រី អាយុ៦៤ឆ្នាំ ភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សពជនរងគ្រោះទាំង២នាក់ ប្តីមានឈ្មោះ ជាតិ អាយុប្រហែល៥០ឆ្នាំ បានស្លាប់នៅនឹងកន្លែង ចំណែកប្រពន្ធរបួសធ្ងន់ធ្ងរស្លាប់ក្រោយបញ្ជូនទៅពេទ្យ មានស្រុកកំណើត នៅភូមិត្រាំស ឃុំតានី ស្រុកទូកមាស ខេត្តកំពត ទាំង២នាក់មានមុខរបរជាកម្មករកាប់ដំឡូងនៅក្នុងចំការរបស់ឈ្មោះ ហៀង រ៉េត។
ចំណែកមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ២នាក់ប្តីប្រពន្ធ បានមកដុតគល់ឈើក្នុងចំការ ដើម្បីយកសត្វព្រួត ដោយមិនដឹងថាមានក្បាលគ្រាប់ត្បាល់៦០ ដែលនៅទីនោះ ទើបបណ្តាលឲ្យផ្ទុះស្លាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកពិនិត្យកន្លែងកើតហេតុ និងពិនិត្យលើសាកសពជនរងគ្រោះរួច និងបានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅលោកមេភូមិ និងម្ចាស់ចំការ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់